(អាឡឺម៉ង់)៖ លោកអធិការបតីអាឡឺម៉ង់ អូឡាហ្វ ស្កូលហ្វ៍(Olaf Scholz) បានលើកឡើងថា អាចនឹង “មានផលវិបាក” ប្រសិនណាបើប្រទេសចិនបញ្ជូនសព្វាវុធទៅឱ្យប្រទេសរុស្ស៊ី ដើម្បីបុព្វហេតុសង្គ្រាមរបស់ក្រុងម៉ូស្គូនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកអធិការបតីរូបនេះបានបង្ហាញនូវសុទិដ្ឋនិយមដែរថា រដ្ឋការក្រុងប៉េកំាងអាចនឹងវៀរចាកមិនធ្វើបែបនេះឡើយ។ បទអត្ថាធិប្បាយរបស់លោកអធិការបតីអាឡឺម៉ង់នេះបានកើតមានឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ស៊ីអិនអិន(CNN)ដោយបានចាក់ផ្សាយកាលពីចន្ទ បន្ទាប់់ពីរយៈពេល២ថ្ងៃក្រោយជំនួបជាមួយនឹងលោកប្រធានាធិបតីអាម៉េរិក ចូបៃដិន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ក្រុមមន្រ្តីសហរដ្ឋអាម៉េរិកបានធ្វើការព្រមានកាលពីពេលថ្មីៗនេះថា ចិន អាចនឹងចាប់ផ្តើមផ្តល់នូវសព្វាវុធ និងគ្រប់រំសេវទៅឱ្យទីក្រុងម៉ូស្គូ។ នៅមុនពេលនៃដំណើរទស្សនកិច្ចរបស់ ស្កូលហ្វ៍ ។ លោកស្កូលហ្វ៍បានជំរុញឱ្យរដ្ឋការទីក្រុងប៉េកំាងត្រូវតែវៀរចាកកុំឱ្យបញ្ជូនសព្វាវុធទៅកាន់ប្រទេសរុស្ស៊ី។ ដោយលោកអធិការបតីបានដាក់សម្ពាធទៅលើរុស្ស៊ីឱ្យដកកងយោធាចេញពីប្រទេសអ៊ុយក្រែន។
ឆ្លើយតបនឹងសំណួររបស់ទូរទស្សន៍ស៊ីអិនអិនដែលលើកឡើងថា តើអាចដាក់ទណ្ឌកម្មទេ ប្រសិនបើចិនបានបញ្ចូនសព្វាវុធទៅឱ្យរុស្ស៊ីមែននោះ?។ លោកអធិការបតីអាឡឺម៉ង់ បានលើកឡើងបន្ថែមទៀតក៍ដូចជាការឆ្លើយតបវិញថា “ខ្ញុំយល់ថា វាអាចនឹងមានផលវិបាក អញ្ចឹងពីឥឡូវនេះ យើងត្រូវមានសារច្បាស់លាស់ចំពោះកិច្ចការនេះដើម្បីកុំឱ្យកើតមានឡើង យើងត្រូវតាមដានប្រកបដោយភាពប្រុងប្រយ័ត្ន”។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ នៅឯប្រទេសអាឡឺម៉ង លោកអធិការបតី ស្កូលហ្វ៍ ត្រូវបានគេដាក់ជាសំណួរ បន្ទាប់ពីក្រុមគណៈរដ្ឋមន្រ្តីរបស់លោកបានជួបពិភាក្សាជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុប ពោលគឺលោកស្រី អូឡាសា វ៉ុន ឌឺឡេយ៉េន(Ursula von der Leyen) ដោយលើកឡើងជាសំណួរថា តើលោកអធិការបតីបានទទួលនូវភស្តុតាងជាក់លាក់ទេ ពីសហរដ្ឋអាម៉េរិកដែលថា ចិនកំពុងតែពិចារណាលើការផ្តល់សព្វាវុធ? នឹងថាតើលោកអាចនឹងគំាទ្រចំពោះការដាក់ទណ្ឌកម្មទៅលើក្រុងប៉េកំាងទេ ប្រសិនបើគេរកឃើញថាមានជួយសព្វាវុធដល់រុស្ស៊ីមែននោះ។
ពាក់ព័ន្ធនឹងសំណួរខាងលើនេះ លោកអធិការបតីអាឡឺម៉ង់បានគូសបញ្ជាក់ទៀតថា “យើងទំាងអស់គ្នាឯកភាពថា នឹងមិនមានការបញ្ជូនអាវុធនោះទេ ហើយរដ្ឋាភិបាលចិនធ្លាប់បានអះអាងថា ខ្លួននឹងមិនមានចែកចាយអាវុធណាមួយឡើយ”។ លោកបន្ថែមទៀតថា “នោះគឺជាអ្វីដែលយើងកំពុងតែទាមទារ ហើយយើងក៏កំពុងតែតាមដានដែរ”។ ដោយឡែកលោកស្រីប្រធានគណៈការសហគមន៍អឺរ៉ុបវិញបានលើកឡើងថា “តំាងពីដើមរៀងមក យើងពុំមានភស្តុតាងនោះទេ ប៉ុន្តែយើងត្រូវតាមអង្កេតឱ្យបានច្បាស់លាស់ និងរៀងរាល់ថ្ងៃ”៕