(អន្តរជាតិ)៖ ប្រធានាធិបតីរបស់ប្រទេសស៊ែប៊ីលោក Aleksandar Vucic បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសស៊ែប៊ីមិនបានផ្គត់ផ្គង់អាវុធ ឬគ្រាប់រំសេវដល់អ៊ុយក្រែន ឬរុស្ស៊ីនោះទេ ។ លោក Aleksandar Vucic បានប្រាប់អ្នកកាសែតក្នុងទីក្រុង Doha ថា “ស៊ែប៊ីមិនបានបញ្ជូនអាវុធទៅឲ្យនរណាម្នាក់នោះទេ ។ យើងមានរោងចក្រសម្រាប់ផលិតអាវុធ ប៉ុន្តែយើងមិនបានលក់អាវុធ ឬផ្ដល់អាវុធឲ្យអ៊ុយក្រែន ឬរុស្ស៊ីទេ ព្រោះយើងជាប្រទេសស្អាតស្អំ” ។
ស៊ែប៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីនៅអឺរ៉ុប និងកំពុងចង់ក្លាយជាសមាជិកសហភាពអឺរ៉ុប រហូតមកដល់ពេលនេះ បានទប់ទល់នឹងការអនុវត្តទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ សម្រាប់សង្គ្រាមលើប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន ។កន្លងមក រដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោក Ivica Dacic ក៏បាននិយាយដែរថា តាំងពីចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនមក គ្មានអាវុធណាមួយត្រូវបាននាំចេញពីប្រទេសស៊ែប៊ី ទៅកាន់ភាគីជម្លោះណាមួយឡើយ ។ ទន្ទឹមនោះ ទីក្រុងមូស្គូក៏បានទាមទារឲ្យមានការពន្យល់ជាផ្លូវការពីទីក្រុង Belgrade អំពីរបាយការណ៍ដែលថា ស៊ែប៊ីបានបញ្ជូនគ្រាប់រ៉ុក្កែតទៅឲ្យអ៊ុយក្រែន ខណៈស៊ែប៊ីក៏បានចេញមកបដិសេធជាហូរហែផងដែរ ចំពោះការបំផ្លើសនេះ ៕