(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់សិក្ខាកាមដែលកំពុងសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងអស់ ត្រូវបង្កើនការគោរពវិន័យសាលាឱ្យបានត្រឹមត្រូវ និងត្រូវបន្តរក្សាភាពអត់ធ្មត់ តស៊ូ និងព្យាយាមសិក្សារៀនសូត្រឱ្យបានពូកែ ស្ទាត់ជំនាញ ទាំងទ្រឹះស្ដី និងការហ្វឹកហាត់ជាក់ស្ដែង។
សម្ដេចក្រឡាហោម ស ខេង បានណែនាំដូចនេះ ក្នុងពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបសំណេះសំណាលជាមួយសិក្ខាកាមកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅមហាវិទ្យាល័យបង្ការ និងពន្លត់អគ្គិភ័យ នៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣។ ទន្ទឹមការណែនាំដល់សិក្ខកាម សម្ដេចបានបង្ហាញក្ដីសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលក្នុងជួរកងកម្លាំងនគរបាលជាតិ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅប្រទេសវៀតណាម។
សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តពោះសិក្ខាកាមនគរបាលជាតិកម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងទ្រឹស្ដី និងអនុវត្តការហ្វឹកហាត់ជាក់ស្ដែងលើមុខជំនាញដែលសាលា និងសាស្ត្រាចារ្យវៀតណាមបានអប់រំ និងបណ្ដុះបណ្ដាល។ ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ត្រូវតែបន្តគ្មានទីបញ្ចប់ ក្រៅពីសាលារៀននោះ កន្លែងបំពេញភារកិច្ចទាំងនៅការិយាល័យ និងមូលដ្ឋានក៏ជាសាលារៀនដែរ។
សូមបញ្ជាក់ថា មុខជំនាញដែលសិក្ខាកាមនគរបាលកម្ពុជាកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមាន ផ្នែកសន្តិសុខ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្នែកបច្ចេកទេសអេឡិចត្រូនិក ផ្នែកបង្កា និងពន្លត់អគ្គិភ័យ ផ្នែកពន្ធនាគារ និងផ្នែកបច្ចេកវិទ្យា និងទូរគមនាគមន៍។ សិក្ខាកាមសរុបមានចំនួន ៧៦នាក់៕