ស៊ីហ្គេម៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខក្រុមជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបង្ហាញការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិ ដើម្បីត្រៀមប្រជែងមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់ក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិដែលកំពុងយកចិត្តទុកដាក់ ដល់ការបោះជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអគ្គនាយកបានកោតសរសើរចំពោះការលះបង់ពុះពារការលំបាក យកអស់ស្មារតីខិតខំហ្វឹកហាត់ក្នុងការបង្កើនគុណផលរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក អនុរក្ស ដើម្បីត្រៀមប្រកួតដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកកីឡាក៏ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ CAMSOC ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន និងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែឧបត្ថម្ភគាំទ្រ និងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដើម្បីឆ្ពោះទៅសម្រេចភាពជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្រោយកម្ពុជារង់ចាំ ៦៤ឆ្នាំ។ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថា ការរៀបចំប្រមូលផ្តុំក្រុមកីឡាជម្រើសជាតិត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយឆ្នាំ២០២១-២០២៣ នេះ ក្រសួងបានច្របាច់បញ្ចូលគ្នារវាងក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឈានទៅសម្រិតសម្រាំង ជ្រើសរើសកីឡាករជម្រើសជាតិសរុប ៩៣៨នាក់ (កីឡាការិនី ៣៤៦នាក់) និងគ្រូបង្វឹក ១៧៦នាក់ដែលមានគុណផលខ្ពស់ និងសីលធម៌ល្អ ព្រមទាំងអនុរក្សចំនួន ៥២នាក់។
លោកបញ្ជាក់ថា ក្រុមជម្រើសជាតិត្រូវបានរៀបចំឱ្យមានការហាត់ហ្វឹកហ្វឺនក្នុងប្រទេស ដូចជានៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោមាន ៩ប្រភេទកីឡា ១៦២វិញ្ញាសា កីឡាករ កីឡាកាវិនីសរុប ១៦១នាក់ គ្រូបង្វឹក ៣១នាក់ និងអនុរក្ស ០៨ នាក់, នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកមាន ១៧ប្រភេទកីឡា មាន ២៣០វិញ្ញាសា កីឡាករ កីឡាការិនីសរុប ៣០៩នាក់ គ្រូបង្វឹក ៦២នាក់ និងអនុរក្ស ១៧នាក់ និងនៅតាមសហព័ន្ធកីឡាជាតិមាន ១៤ប្រភេទកីឡា មាន១៨៦វិញ្ញាសា កីឡាករ កីឡាការិនីសរុប ២៨៣នាក់ គ្រូបង្វឹក ៦២នាក់ និងអនុរក្ស ១៤នាក់។ ចំពោះការហាត់ហ្វឹកហ្វឺនក្រៅប្រទេសមានកីឡាករ កីឡាការិនីសរុប ២២៦នាក់ត្រូវបានបញ្ជូនឱ្យធ្វើការហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ដូចជា៖ នៅសាធារណរដ្ឋប្រជាមានិតចិនមាន ១២ប្រភេទកីឡា មាន ៧៨វិញ្ញាសា កីឡាករ កីឡាកាវិនីសរុប ១៤១នាក់ និងគ្រូបង្វឹកចំនួន ១៣នាក់ ហាត់ហ្វឹកហ្វឺនរយៈពេល ០៤ខែ។ នៅសហរដ្ឋអាមេរិកមាន ៦ប្រភេទកីឡាជីជីតស៊ូ តេក្វាន់ដូ WT បាល់បោះ ហែលទឹកវាយ កូនបាល់ និងវាយកូនឃ្លីលើតុមាន ១៣វិញ្ញាសា កីឡាករ កីឡាការិនីសរុប ២៦នាក់ និងគ្រូបង្វឹក ០៤នាក់ហាត់ហ្វឹកហ្វឺនរយៈពេល៤ខែ។
នៅប្រទេសបារាំងមាន ២ប្រភេទកីឡាតេក្វាន់ដូ WT និងទ្រីយ៉ាត្លុងមាន ៣វិញ្ញាសា កីឡាករសរុប ៣នាក់ហាត់ហ្វឹកហ្វឺនរយៈពេល ៤ខែ, និងនៅបណ្តាប្រទេសអាស៊ីរួមមានប្រទេសវៀតណាម ថៃ មីយ៉ាន់ម៉ា អ៊ូបេគីស្ថាន កាណាដា និងកូរ៉េខាងត្បូងជាដើម ដោយមាន ៦៤វិញ្ញាសា កីឡាករ កីឡាកាវិនីសរុប ៨៧នាក់ និងគ្រូបង្វឹក ១៤នាក់ហាត់ហ្វឹកហ្វឺនរយៈពេល ៤ខែ។ ដោយឡែកការហាត់ហ្វឹកហ្វឺនក្រុមកីឡាជម្រើសជនពិការជាតិ សម្រាប់ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីជនពិការ និងប្រមូលផ្តុំហាត់ហ្វឹកហ្វឺនរយៈពេល ៥ខែចាប់ពីខែមករារហូតដល់ខែឧសភា មានចំនួន ១៣ប្រភេទកីឡា មាន ១០១វិញ្ញាសា កីឡាករ កីឡាការិនីសរុប ១៦៥នាក់ គ្រូបង្វឹក ៣១នាក់ និងអនុរក្ស ១៦នាក់ និងត្រូវបានរៀបចំឱ្យហាត់ហ្វឹកហ្វឺននៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន៕