(អន្តរជាតិ)៖លោក Renat Karchaa ទីប្រឹក្សានាយកប្រតិបត្តិនៃរោងចក្រថាមពលនុយក្លេអ៊ែរ Rosenergoatom របស់រុស្ស៊ី ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ TASS ថា ទណ្ឌកម្មរបស់អ៊ុយក្រែនកំពុងធ្វើឲ្យខ្ជះខ្ជាយពេលវេលា ហើយវានឹងមិនប៉ះពាល់ដល់ការងារក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Rosatom របស់រុស្ស៊ីនោះទេ។លោក Renat Karchaa បញ្ជាក់ថា ទណ្ឌកម្មទាំងនោះមិនអាចមានឥទ្ធិពលលើក្រុមហ៊ុនថាមពលរបស់យើងបាននោះទេ ដោយសារតែទី១ គឺតំបន់ Zaporozhye និងទីក្រុង Energodar គឺជាផ្នែកមួយនៃទឹកដីប្រទេសរុស្ស៊ី ហើយទី ២ គឺរុស្ស៊ីចាត់ទុករោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ជាកម្មសិទ្ធិរបស់ខ្លួន ដូច្នេះរាល់បញ្ហាដោះស្រាយទាំងអស់ បានចែងក្នុងក្រឹត្យប្រធានាធិបតីរួចហើយ ។
ចំពោះទី ៣ វិញគឺរុស្ស៊ីធានាបានសន្តិសុខបរិក្ខារនុយក្លេអ៊ែរទាំងអស់ ដូចនេះ ទណ្ឌកម្មមិនអាចប៉ះពាល់ដល់ទិដ្ឋភាពទាំងបីនោះទេ ។មិនតែប៉ុណ្ណោះ លោកKarchaa បញ្ជាក់បន្ថែមថា ប្រាកដណាស់ ទោះអ៊ុយក្រែនប្រកាសដាក់ទណ្ឌកម្មក៏ដោយ ក៏វាគ្មានប្រសិទ្ធភាព ឬធ្វើឲ្យរុស្ស៊ីឈឺក្បាលអ្វីឡើយ ។
ទាក់ទងជាមួយទណ្ឌកម្មនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ទើបប្រកាសឲ្យពិភពលោកដាក់ទណ្ឌកម្មកាន់តែខ្លាំងលើប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ី និងទៅលើរោងចក្រថាមពលនុយក្លេអ៊ែររបស់រុស្ស៊ីជាដើម៕