(ស៊ីរី)៖ លោកប្រធានាធិបតីទួរគី Recep Tayyip Erdoğan និយាយថាមនុស្សចំនួន ៣៥.៤១៨នាក់បានស្លាប់នៅក្នុងប្រទេសទួរគី ដោយសារការរញ្ជួយដីកាលពីថ្ងៃចន្ទសប្ដាហ៍មុន ដែលក្លាយជាគ្រោះមន្តរាយធម្មរញ្ជួយដីធ្ងន់ធ្ងរបំផុត ចាប់តាំងពីការបង្កើតប្រទេសរយៈពេលជាង១០០ឆ្នាំមកនេះ។
លោក Erdogan និយាយថា អគារចំនួន៤៧.០០០កន្លែងដែលមានប្រជាជនរស់នៅចំនួន២១១.០០០នាក់ ត្រូវបានបំផ្លាញ ឬនឹងតម្រូវឲ្យវាយកម្ទេចចោល ។
ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់នេះ មានចំនួនលើសការរញ្ជួយដីដ៏ធំនៅខេត្ត Erzincan កាលពីឆ្នាំ១៩៣៩ដែលបានសម្លាប់មនុស្សប្រមាណ ៣៣.០០០នាក់។
លោក Erdoğan បាននិយាយថា មនុស្សចំនួន១០៥.៥០៥នាក់ បានរងរបួសក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃទី៦ខែកុម្ភៈ ដែលចំណុចកណ្ដាលនៃការរញ្ជួយស្ថិតនៅជុំវិញទីក្រុង ការ៉ាម៉ាន់ម៉ារ៉ាស់ (Kahramanmaras) និងរលករញ្ជួយផ្សេងទៀត។លោកថាការរញ្ជួយដីនេះមានទំហំធំស្មើនឹងការបំផ្លិចបំផ្លាញដោយសារគ្រាប់បែកបរមាណូ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters ទទួលបានពីសារព័ត៌មានរដ្ឋស៊ីរី និងទីភ្នាក់ងារអង្គការសហប្រជាជាតិ មនុស្សជាង៥.៨១៤នាក់ បានស្លាប់នៅក្នុងប្រទេសស៊ីរី។ ចំនួនមនុស្សស្លាប់ទាំង២ប្រទេស បានកើនឡើងដល់ជាង៤១.០០០នាក់ ហើយចំនួននេះ ប្រាកដជានឹងកើនឡើងថែមទៀត ខណៈក្រុមអ្នកសង្រ្គោះបានរកឃើញសាកសពកាន់តែច្រើន ហើយឱកាសនៃការរកឃើញអ្នកនៅមានជីវិតកាន់តែតិច៕