ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣កន្លងទៅ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន អាលីបាបា (Alibaba) ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។
ប្រភពពីក្រសួងពាណិជ្ជកម្ម នៅក្រោយចប់ជំនួបនោះ បានឲ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងការដឹកនាំប្រជុំដោយផ្ទាល់ និងបានស្នើឱ្យក្រសួងពាក់ព័ន្ធចូលរួមពិភាក្សានិងផ្ដល់ធាតុចូលបន្ថែមលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន អាលីបាបា ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តថា ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន អាលីបាបា ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋម ក្រុមការងារបានចូលរួមប្រជុំចំនួន ៣លើក ជាមួយក្រុមហ៊ុន រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះ។ ទន្ទឹមនឹងការត្រៀមចូល eWPT របស់ អាលីបាបា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន អាលីបាបា ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨តោន។
តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់មតិគាំទ្រ ក៏ដូចជាការផ្ដល់ធាតុចូលសំខាន់ៗបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ និងបានផ្ដល់អនុសាសន៍ដល់ក្រុមការងារដើម្បីបន្តផ្ដល់នូវធាតុចូលបន្ថែម និងរៀបចំកិច្ចប្រជុំបន្តបន្ទាប់ដើម្បីជម្រុញឱ្យការចូល eWPT បានឆាប់រហ័សស្របតាមយុគសម័យឌីជីថល៕