(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រជាកសិករឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសំដែងនូវការសប្បាចិត្ត និងដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ពូជស្រូវប្រភេទ OM5451 ដល់ពួកគាត់បង្កបង្កើនផលទាន់ពេលវេលា ហើយទទួលបានផល ច្រើន (៧តោនក្នុង១ហិកតា) ដែលធ្វើអោយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ កើនឡើងមួយកម្រឹត។
តំណាងប្រជាកសិករបានអោយដឹងថា កាលពីមុន ពួកគាត់ធ្វើស្រែក្នុង ១ហិកតា ទទួលបានផលពី៤តោនទៅ៤តោនកន្លះតែប៉ុណ្ណោះ ។ ដោយសារឆ្នាំ២០២២ កន្លងទៅ មានជំនន់ទឹកទន្លេបានជន់លិចដំណាំស្រូវប្រជាកសិករអស់ ៣៤៦០គ្រួសារ ក្រោយពេលដឹងរឿងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកពូជស្រូវប្រភេទ OM5451 មកចែកជូនប្រជាកសិករ ហើយអោយប្រជាកសិករខិតខំធ្វើស្រែឡើងវិញ។ ក្រោយពីកសិករបានសាបព្រួសរួចមក ឃើញថា ស្រូវមានដើមរឹងល្អ ផលដែលទទួលបាន គឺ៧តោនក្នុង១ហិកតា ដែលផលស្រូវបែបនេះ ពួកគាត់មិនដែលធ្វើបានឡើយក្នុង ១ជីវិតនេះ។ នៅក្នុងឃុំមេលំ ស្រុកបរិបូណ៌នេះ កសិករខ្លះមានដីស្រែចាប់ពី៣ហិកតា ទៅ៥ហិកតា ហើយក្រោយពេលច្រូតកាត់រួច ពួកគាត់នឹងបន្តដាំដុះលើកទី២ ទៀត ដើម្បីអោយសេដ្ឋកិច្ចគ្រួសារបានធូរធាមួយកម្រឹតទៀត។ ប្រជាកសិករសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់ពូជស្រូវយ៉ាងល្អដល់ពួកគាត់។
ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវចំនួន ៣៤៦តោន និងគ្រឿងឧបភោគបរិភោគដល់ប្រជាកសិករ ដែលរងការខូចខាតដំណាំស្រូវដោយទឹកជំនន់ចំនួន ៣៤៦០គ្រួសារ។ ប្រជាកសិកររងគ្រោះបានដាំដុះស្តារឡើងវិញចប់ជាស្ថាពរនៅចុងខែវិច្ឆិកា ឆ្នាំ២០២២ និងកំពុងប្រមូលផលរួចបណ្តើរៗបានប្រមាណ៥០% លើផ្ទៃដីស្តារសរុបចំនួន ២ ៦១០ ហិកតា។ ដោយឡែកនៅក្នុងខែមករា ឆ្នាំ២០២៣នេះ ខេត្តបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរដូវប្រាំង បណ្តាលឲ្យខូចខាតស្រូវប្រាំងចំនួន ១៩៨៩ហិកតា ស្មើនឹង ២៦៩៤គ្រួសារ បន្ថែមទៀត ប៉ុន្តែនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានសម្តេចតេជោ ចែកពូជស្រូវរួចហើយដែរ៕