(ទួរគី)៖ រដ្ឋាភិបាលជាច្រើនប្រទេស បានប្រញាប់ប្រញាល់បញ្ជូន ជំនួយ បុគ្គលិក និងឧបករណ៍ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់ ដែលរងគ្រោះដោយរញ្ជួយដី នៅប្រទេសទួរគី និងស៊ីរី។ សហភាពអឺរ៉ុបបានប្រមូលផ្តុំក្រុមអ្នកស្វែងរក និងជួយសង្គ្រោះដើម្បីជួយប្រទេសទួរគី ខណៈប្រព័ន្ធផ្កាយរណបខូភឺនីគូស (Copernicus) របស់ប្លុកចំនួន ២៧ប្រទេសមានភាពសកម្មដើម្បីផ្តល់សេវាផែនទីសង្គ្រោះបន្ទាន់។
យ៉ាងហោចណាស់ មានប្រទេសសមាជិកចំនួន ១៣ បានផ្តល់ជំនួយ។ សហភាពអឺរ៉ុបបាននិយាយថា ខ្លួនក៏ត្រៀមផ្តល់ជំនួយដល់ប្រទេសស៊ីរីតាមរយៈកម្មវិធីជំនួយមនុស្សធម៌របស់ខ្លួន។ សហរដ្ឋអាមេរិកកំពុងសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ ដល់ទួរគី ដែលជាសមាជិកសម្ព័ន្ធយោធាណាតូ រួមទាំងក្រុមជាច្រើនទៀត ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ ដៃគូមនុស្សធម៌ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក៏កំពុងឆ្លើយតប ចំពោះការបំផ្លិចបំផ្លាញនៅក្នុងប្រទេសស៊ីរីផងដែរ។ នៅរដ្ឋកាលីហ្វ័រញ៉ា ក្រុមអ្នកពន្លត់អគ្គិភ័យ និងវិស្វករសំណង់ជិត ១០០នាក់នៅទីក្រុង Los Angeles រួមជាមួយ នឹងសត្វសុនខ ដែលបានទទួលការហ្វឹកហ្វឺនពិសេសជិត ១០ក្បាលត្រូវបានបញ្ជូនទៅកាន់ប្រទេសទួរគី ដើម្បីជួយក្នុងការសង្គ្រោះ។
ក្រុមអ្នកជួយសង្គ្រោះរុស្ស៊ី មកពីក្រសួងសង្គ្រោះបន្ទាន់ កំពុងរៀបចំធ្វើដំណើរ ដោយយន្តហោះ ទៅកាន់ប្រទេសស៊ីរី ជាកន្លែង ដែលយោធារុស្ស៊ីត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសនេះរួចហើយ ដែលបានបញ្ជូនអង្គភាពចំនួន ១០ មានបុគ្គលិក ៣០០នាក់ ដើម្បីជួយសម្អាតកម្ទេចកម្ទី និងស្វែងរកអ្នកនៅរស់រានមានជីវិត។ យោធារុស្ស៊ីបានបង្កើតទីតាំង ដើម្បីចែកចាយជំនួយមនុស្សធម៌ ហើយរុស្ស៊ីក៏បានផ្តល់ជំនួយដល់ប្រទេសទួរគីផងដែរ។ ប្រទេសស៊ីរីដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមកំពុងអំពាវនាវ ឱ្យអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកទាំងអស់ជួយ ក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះដោយផ្តល់សេវាសុខភាព ទីជម្រក និងជំនួយស្បៀងអាហារ។ តំបន់ដែលរងផលប៉ះពាល់ នៅក្នុងប្រទេសស៊ីរី ត្រូវបានបែងចែករវាងទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងតំបន់ដែលចូលកាន់កាប់ដោយក្រុមប្រឆាំងរបស់ប្រទេស៕