(ទួរគី)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់បាននិយាយកាលពីថ្ងៃចន្ទថា អង្គការនេះរំពឹងថា នឹងមានចំនួនអ្នកស្លាប់បន្តកើនឡើងទៀត ក្រោយការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ និងរលករញ្ជួយដ៏ធំផ្ដួលរំលំអគារ ឲ្យក្លាយជាគំនរកម្ទេចភ្នំថ្ម នៅក្នុងភាគខាងត្បូងប្រទេសទួរគី និងភាគពាយព្យប្រទេសស៊ីរី។
មានការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រមួយផ្សេងទៀតបានកើតឡើងប៉ុន្មានម៉ោង ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតលើកដំបូង។ លោក Rick Brennan ប្រធានផ្នែកគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកប្រចាំតំបន់សមុទ្រម៉េឌីទែរ៉ាណេខាងកើត បានប្រាប់សារព័ត៌មាន Reuters ថា ខ្ញុំគិតថា យើងអាចរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ថែមទៀត។ មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោករូបនេះក៏បានព្រមានផងដែរថា ចំនួនអ្នកស្លាប់ក្នុងការរញ្ជួយដីនៅទួរគី និងស៊ីរីអាចនឹងកើនឡើងលើសចំនួនបច្ចុប្បន្នដល់ទៅ ៨ដង។
លោក Brennan បាននិយាយថា អង្គការសុខភាពពិភពលោកកំពុងបន្ថែមចំនួនបុគ្គលិកនៅក្នុងទីក្រុង Gaziantep ភាគខាងត្បូងក្នុងប្រទេសទួរគី ដែលជាចំណុចកណ្ដាលនៃការរញ្ជួយ និងកំពុងស្វែងរកជម្រើសក្នុងការបញ្ជូនក្រុមវេជ្ជសាស្ត្រចល័តទៅកាន់តំបន់នោះ។ លោកថា យ៉ាងណាក៏ដោយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានសភាពស្មុគស្មាញ ដោយសាររលករញ្ជួយពីការតរញ្ជួយដីដំបូង និងស្ថានភាពអាកាសធាតុរដូវរងាដែលបង្កការរំខានដល់ដំណើរការសង្គ្រោះ។ ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទថា បុគ្គលិករបស់អង្គការសហប្រជាជាតិកំពុងប្រចាំការនៅក្នុងប្រទេសទួរគី និងស៊ីរី ដើម្បីជួយសម្រួលរាល់តម្រូវការចាំបាច់ និងផ្ដល់ជំនួយក្រោយការរញ្ជួយដី៕