ខេត្តកោះកុង៖រមណីដ្ឋានកោះស្តេច ជាកោះធម្មជាតិមួយ ស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានចម្ងាយប្រមាណ ៨១ គីឡូម៉ែត្រពី ក្រុងខេមរភូមិន្ទ ឬ ២៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ កោះស្ដេច មានប្រជាជនរស់នៅច្រើនជាងគេ ក្នុងចំណោមទីប្រជុំកោះចំនួន ១២ ក្នុងតំបន់ ហើយកោះនេះលាតសន្ធឹងប្រវែង ២,៨ គីឡូម៉ែត្រ ដែលភ្ញៀវទេសចរ អាចរីករាយនឹងសកម្មភាព កម្សាន្ដជាច្រើន ចាប់ពីកម្សាន្ដនៅឆ្នេរ រហូតទៅដល់មុជទឹក មើលផ្កាថ្មនៅបាតសមុទ្រ។
ការធ្វើដំណើរទៅកាន់កោះស្តេច កាន់តែងាយស្រួល ដោយសារតែគម្រោង អាកាសយានដ្ឋានតារាសាគរ និងគម្រោងវិសមកាលតារាសាគរ បានពង្រីកផ្លូវហាយវ៉េ ចាប់ពីរង្វង់មូល សាយ ភូថង តភ្ជាប់ផ្លូវជាតិលេខ៤៨ ទៅដល់តំបន់ឆ្នេរស្រុកគិរីសាគរ ដែលគម្រោងចំណាយទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារ។ បន្ទាប់មកយើងត្រូវជិះទូក ល្បឿនលឿន ឬអូប័រ ៥.០០០៛/ម្នាក់ ទៅកាន់កោះស្តេច ដែលចំណាយពេលប្រមាណ ៥ ទៅ ១០ នាទីប៉ុណ្ណោះ ក្នុងរយៈចម្ងាយប្រមាណ ១,៥ គីឡូម៉ែត្រពីដីគោក ឧទ្យានជាតិបុទុមសាគរ។
សកម្មភាពកម្សាន្ដនៅលើកោះស្ដេច មានច្រើនប្រភេទ អាស្រ័យទៅតាមចំណង់ចំណូលចិត្ត របស់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ពីព្រោះកោះស្ដេច មានឆ្នេរខ្សាច់សស្អាត ទេសភាពស្រស់ស្អាត សម្រាប់លំហែ អាចចងអង្រឹង បោះជំរុំ ឬបោះតង់ជាក្រុម ហើយលោកអ្នក អាចដើរកម្សាន្ដភូមិកោះស្ដេច ទិញអាហារសមុទ្រស្រស់ៗ និងអាចជួលទូកជិះទៅស្ទូចត្រី ទៅកម្សាន្ដនៅកោះនានា ឋិតនៅប្រជុំកោះក្បែរៗនោះ ជាពិសេសកោះខ្មោច ដែលនៅកៀក ភ្ញៀវទេសចរក៏អាចមុជទឹកសមុទ្រ និងមើលផ្កាថ្ម ជីវចម្រុះនៅបាតសមុទ្រ ជាដើម។