ព្រះសីហនុ៖ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២២ នៃព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ចូលរួមទស្សនាប្រមាណ ៤៦ម៉ឺននាក់។ ពិធីបុណ្យសមុទ្រ នៅបន្ត ១ទៀត នៅថ្ងៃទី១១ធ្នូនេះ ដែលក្រសួង មិនទាន់បូកសរុបចំនួនអ្នកចូលទៅទស្សនានៅឡើយទេ។
របាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បង្ហាញថា ពិធីបុណ្យសមុទ្រ នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី៩ធ្នូ មានភ្ញៀវប្រមាណ ១៦ម៉ឺននាក់ និងថ្ងៃទី២ ត្រូវនឹងថ្ងៃទី១០ធ្នូ ដែលជាថ្ងៃបើកពិធីបុណ្យសមុទ្រជាផ្លូវការ មានភ្ញៀវ និងប្រជាពលរដ្ឋ ចូលរួមកម្សាន្តប្រមាណ ៣០ម៉ឺននាក់។ ដោយឡែក នៅថ្ងៃទី៣ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ធ្នូ ដែលជាថ្ងៃចុងក្រោយនេះ មន្ទីរទេសចរណ៍ មិនទាន់បូកសរុបចំនួនភ្ញៀវចូលទស្សនានោះទេ។
ពិធីបុណ្យសមុទ្រ បានប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី១០ ខែធ្នូ ដោយមានទាំងការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ (ឥណ្ឌា ម៉ាឡេស៊ី ថៃ វៀតណាម ជាដើម) ការសម្ដែងរបាំ និងសិល្បៈចម្រៀងប្រពៃណី ជាដើម។
បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងព្រឹត្តិការបុណ្យសមុទ្រនេះ គឺមិនមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់នោះឡើយ ខណៈការធ្វើដំណើរនៅតាមដង គឺមានការមមាញឹកបន្តិច។
នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ រយៈពេល ៣ថ្ងៃនេះ មានឆាកប្រគំតន្ត្រី ៥ឆាកធំៗ នៅតាមបណ្ដោយឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ និងសកម្មភាពកម្សាន្តជាច្រើនទៀត ដែលបានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន។
ក្រៅពីនេះ ក៏មានការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលាតេជោ សរុបទាំងអស់ មានចំនួន៣០០ស្ដង់។