(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកីឡាលើកទម្ងន់កម្ពុជា ឌុច ប៊ុនរ័ត្ន បានខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំង ក្រោយត្រឡប់ពីប្រកួតកីឡាស៊ីហ្គេម ប្រទេសវៀតណាម ពិសេសការចេញទៅបោះជំរំហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន ហើយគេសង្ឃឹមថា ការលះបង់ញើសឈាមរបស់ខ្លួន នឹងអាចដណ្ដើមបានមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។
កីឡាករមានដើមកំណើតពីខេត្តបាត់ដំបងរូបនេះ បានឲ្យដឹងថា សម្រាប់ការចូលរួមលើកដំបូង ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម ខ្លួនទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម ៧ប្រទេស(ឥណ្ឌូនេស៊ី លេខ១ ថៃ លេខ២ ហ្វីលីពីន លេខ៣ កម្ពុជា លេខ៤ វៀតណាម លេខ៥ ម៉ាឡេស៊ី លេខ៦ និងទីម័រខាងកើត លេខ៧)។ ប៊ុនរ័ត្ន បានទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន តែគេសប្បាយចិត្ត ដែលបានចូលរួម និងទទួលបានបទពិសោធន៍ល្អៗជាច្រើន ដើម្បីជំរុញដល់ការហ្វឹកហាត់បន្ទាប់។
យ៉ាងណាក្ដី រូបគេបានអះអាងថា ត្រូវការការខំប្រឹងហ្វឹកហាត់កាន់តែខ្លាំងបន្ថែមទៀត ពិសេសក្នុងឱកាសចេញទៅហ្វឹកហាត់នៅចិន តាមរយៈគណៈកម្មាធិការជាតិ CAMSOC កាលពីថ្មីៗ ដោយគេបានតាំងចិត្តយ៉ាងមុតមាំថា នឹងខិតខំលះបង់អស់ពីកម្លាំងកាយចិត្ត ពោលគឺការលះបង់ដោយដោះដូរញើសឈាមផ្ទាល់ ដើម្បីឆ្ពោះទៅដណ្ដើមមេដាយជូនជាតិមាតុភូមិ និងប្រជាជនទាំង ១៧លាននាក់នៅកម្ពុជា។