មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោកជំទាវ ពៅ សុខ ប្រធានគណះកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្ត ។
លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា៖ ក្នុងឆមាសទី១ ឆ្នាំ ២០២២នេះ មន្ទីរបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩ គឺមានគ្រួសារអនុវត្តបើកប្រាក់ប្រចាំខែចំនួន ៥៥៨១គ្រួសារ ក្នុងនោះចំណាយគិតជាសាច់ប្រាក់អស់ចំនួន ២៥,៩៩៨,២០០,០០០ រៀលគត់។ ហើយលោកប្រធានមន្ទីរបានលើកឡើងបន្តថា៖ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយមានអ្នកទទួលផលចុះឈ្មោះចំនួន ១,១៦២នាក់ ក្នុងនោះស្ត្រីសម្រាលចំនួន ៣៧៩នាក់ និងកុមារ១៦៦នាក់, អ្នកទទួលផលទៅអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពចំនួន ២,៧២៨ករណី ក្នុងនោះស្ត្រីសម្រាលចំនួន ១,០១៨នាក់ និង កុមារចំនួន ៩,០៧៩ករណី គិតជាសាច់ប្រាក់ចំណាយអស់ចំនួន ១៤០,៩២០,០០០រៀលផងដែរ។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាដឹកនាំគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបិទបញ្ចប់ ព្រឹត្តការណ៍ ២០កុម្ភៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ ហើយបានបើកដំណើរការសេដ្ឋកិច្ចសង្គម ឱ្យមានប្រក្រតីភាពតាមគន្លងថ្មីឡើងវិញ។
លោកអភិបាលរងខេត្តបានបន្តថាៈ កម្មវិធីជាច្រើនទៀតត្រូវបានដាក់ចេញជាបន្តបន្ទាប់ដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្ររងគ្រោះ និងងាយរងគ្រោះ ក៏ត្រូវបានអនុវត្ត ដើម្បីជួយទប់លំនឹងជីវភាពរស់នៅរបស់ប្រជាជនក្នុងគ្រាដែលកំពុងរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយសង្គម ជាសាច់ប្រាក់ជូនដល់គ្រួសារមានការលំបាកផ្នែកជីវភាពជំនួយសង្គមជាសាច់ប្រាក់ជូនដល់គ្រួសារឆ្លងជំងឺកូវីដ-១៩ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ លោក ហែម ឬទ្ធី បានផ្តាំផ្ញើរដល់សិក្ខាកាមដែលមកពីអង្គភាព មណ្ឌលសុខភាព និងបណ្តាឃុំសង្កាត់ក្រុង-ស្រុកជុំវិញខេត្ត មេត្តាយកចិត្តទុកដាក់ខ្ពស់លើបទបង្ហាញនីមួយៗ ប្រជុំពិភាក្សាដើម្បីស្វែងយល់បន្ថែមទៀតពីបរិបទថ្មីៗដើម្បីយកទៅអនុវត្តន៍ការងារអោយកាន់តែមានប្រសិទ្ធភាពថែមទៀត។
គួរបញ្ជាក់ថា៖ កិច្ចប្រជុំនេះនឹងផ្តល់ឱកាសមន្ត្រីពាក់ព័ន្ធចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងនូវការអនុវត្តគោលនយោបាយជាតិ កម្មវិធី និងផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកិច្ចគាំពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ និងជនងាយរងគ្រោះដូចជា៖ ការផ្តល់ថវិកាជូនជនមានពិការភាពក្រីក្រក្នុងសហគមន៍ ថវិកាជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ ការផ្ដល់ថវិកាជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ ការផ្តល់ ថវិកាជូនគ្រួសារមានជីវភាពលំបាកគ្រួសារឆ្លងជំងឺកូវីដ-១៩ និងគ្រួសារមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ៕