ប៉ៃលិន៖ រសៀលថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរស្រុក និង សមាជិកក្រុមប្រឹក្សាឃុំអាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ចៅសង្កាត់រង ជំទប់ទី១,ជំទប់ទី២ អណត្តិទី៥ គឺឃុំសាលាក្រៅ ស្រុកសាលាក្រៅ សមាសភាពក្រុមប្រឹក្សាឃុំ មានចំនួន ០៥រូប ក្នុងនោះ លោក យឿម ភឿន ជាប្រធានក្រុមប្រឹក្សាឃុំ និង ជាមេឃុំ, លោកស្រី លឹម សាលី ជាជំទប់ទី១ និងលោក ចម ចែក ជាជំទប់ទី២ ។
បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកមេឃុំសាលាក្រៅ អាណត្តិទី៤ និង ការប្រគល់សេចក្តីសម្រេច និង ត្រា ព្រមទាំង ការធ្វើការប្តេជ្ញាចិត្តរបស់លោកមេឃុំសាលាក្រៅ អាណត្តិទី៥ រួចមក មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្ដិទី៥ និង ជាមេឃុំ ព្រមទាំងជំទប់ទំាងអស់ ដែលបានទទួលនូវសេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក បានប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្នុងនាមជាតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ ការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធាណៈ ដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ ការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិថ្មីក៍ពិតមែន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ បានអនុវត្ដកន្លងមក ត្រូវបានបញ្ចប់នោះទេ ពោលគឺ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិថ្មី ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព ក្នុងកិច្ចការរដ្ឋបាល និង ការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបំពេញការងារចំពោះមុខ ឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នា នៅក្នុងការបំពេញការងាររបស់ខ្លួន ហើយបន្ទាប់ពីការប្រកាសសុពលភាពនេះទៅ ក្រុមប្រឹក្សាឃុំ ត្រូវធ្វើការអនុម័ត បទបញ្ជាផ្ទៃក្នុង ឲ្យស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរឃុំអណត្តិទី៥ ទាំងអស់ ត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ព្រមទាំងត្រូវខិតខំណែនាំ និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព សាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គម ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតថ្មី ត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕