ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅវត្តសន្តិមារាមហៅវត្តអូរច្រាបានរៀបចំពិធីបំបួសកុល បុត្រចំនួន២៥រូបក្រោមអធិបតីភាពលោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការនិមន្តចូលរួមពី ព្រះសន្តិមហារតមុនី សាន់ លី ព្រះមេគណ និងជាព្រះចៅអធិការវត្តសន្តិមារាមហៅវត្តអូរច្រា និងឯកឧត្តម លោកជំទាវ លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ ។
ព្រះសន្តិមហារតមុនី សាន់ លី ព្រះមេគណនិងជា ព្រះចៅអធិការវត្តសន្តិមារាមហៅវត្តអូរច្រា មានសង្ឃដីកាថា ការរៀបចំពិធីបំបួសកុលបុត្រចំនួន ២៥រូប ក្នុងគោលបំណងដើម្បីឱ្យយុវជន និងកុមារាខ្មែរមានឱកាស បានចូលសាងផ្នួស តបស្នងសងគុណចំពោះអ្នកមានគុណទាំងឡាយមាន មាតាបិតា ព្រះមហាក្សត្រ និង ថ្នាក់ដឹកនាំប្រទេសជាដើម ។ លើសពីនេះដើម្បីឱ្យកុលបុត្រ ខ្មែរ ភ្ញាក់រលឹកលះបង់អ្វីៗ ដែលកំពុងប្រព្រឹត្តខុសពីគន្លង ព្រះធម៌ ព្រះពុទ្ធ បរមគ្រូនៃយើង និង ការអប់រំណែនាំរបស់ មាតាបិតាអាណាព្យាបាល គ្រូអាចារ្យ ដើម្បីឱ្ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ជា ពុទ្ធសាសនិកល្អ របស់ព្រះពុទ្ធសាសនា ។
លោក ឃ្លោក នួយ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ បន្ទាប់ពីប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើអោយប្រទេសជាតិ មានការជឿនលឿនយ៉ាងឆាប់រហ័ស មានសុខសន្តិភាព និងស្ថេរភាពដូចសព្វថ្ងៃ ហើយក្នុងនោះវិស័យពុទ្ធសាសនាមានការរីកចម្រើនគួអោយកត់សម្គាល់។ លោកបានបន្តថា៖ សូមកុលបុត្រទាំងអស់ដែលបំពេញកិច្ចបួសជាសង្ឃ ត្រូវខិតខំសិក្សារៀនសូត្រ និង ឈ្វេងយល់ ពីព្រះធម៌របស់ព្រះពុទ្ធសាសនាហើយ ពុទ្ធបរិស័ទទាំងអស់ ត្រូវតែបន្តការគោរពប្រតិបត្តិទំនៀមទម្លាប់ប្រពៃណីជាតិឱ្យបានល្អគង់វង្ស ។ ហើយប្រពៃណីទំនៀមទម្លាប់ក្នុងពិធីបំបួស នេះគឺសម្អាតសក់ កោរសក់ ពុកចង្កា រោមចិញ្ចើម និង កាត់ ក្រចកដៃ ក្រចកជើង ក្នុងគោលដៅលះបង់គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ព្រះពុទ្ធ សាសនា ។ ហើយជំនឿលើសាសនាមានការចារឹកទុកក្នុងរដ្ឋធម្មនុញ្ញដោយបញ្ជាក់ ថា « ព្រះពុទ្ធ សាសនា គឺជាសាសនារបស់រដ្ឋ » ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសង្គមតាំងពីអតីតកាលរហូត បច្ចុប្បន្ន និងទៅអនាគត ។ ចំពោះការបំបួសកុលបុត្រជាសាមណេរ ក្នុងចេតនា អប់រំសីលធម៌ ចរិយាធម៌ លើកកម្ពស់វិស័យព្រះពុទ្ធ សាសនា ។ ម្យ៉ាងទៀតជាការផ្តល់ឱកាសដល់យុវជន កុមារាបានចូលសាងផ្នួសតបស្នងសងគុណចំពោះអ្នកមានគុណ ទាំងឡាយ ។ លើសពីនេះដើម្បីឱ្យកុលបុត្រខ្មែរ ភ្ញាក់រលឹកលះបង់នូវអ្វីៗដែលកំពុងប្រព្រឹត្តខុសពីគន្លង ព្រះធម៌ ព្រះពុទ្ធ បរមគ្រូ នៃយើង និងការអប់រំណែនាំរបស់មាតាបិតាអាណាព្យាបាល គ្រូអាចារ្យដើម្បីឱ្យក្លាយជាកូនល្អ សិស្ស ល្អ មិត្តល្អ ពលរដ្ឋល្អ ជាពុទ្ធសាសនិកល្អ ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកព្រះពុទ្ធសាសនា ជាប្រភព នៃការអប់រំដ៏សំខាន់បំផុត នៅ ក្នុងសង្គម ។
លោកអភិបាលរងខេត្តបានផ្តាំផ្ញើដល់កុលបុត្រទាំង២៥រូប ត្រូវខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង គោររពវិន័យរបស់ព្រះពុទ្ធសាសនា និងស្តាប់តាមការណែនាំរបស់ព្រះចៅធិការវត្ត និងរួមគ្នាសម្អាតបរិស្ថាន និងថែរក្សាទ្រព្យសម្បត្តិនៅក្នុងវត្តអោយបានគង់វង្ស។
សូមបញ្ជាក់ថា៖ ពិធីបំបួសកុលបុត្រទាំង២៥រូបនេះត្រូវបានដង្ហែរចូលក្នុងវត្តនិងហែរប្រទក្សិណជុំវិញព្រះវិហារចំនួនបីជុំដើម្បីបំបួស ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករពីឯកឧត្តមលោកជំទាវ មាតាបិតាកុល បុត្រ បងប្អូនប្រជាពលរដ្ឋ និងក្មួយសិស្សានុសិស្សផងដែរ៕