រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៧ មករា ក្លិបសមាគមរាជសីហ៍ បានរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់៧មករា យ៉ាងគគ្រឹកគគ្រេង នៅបរិវេណវិទ្យាល័យច្បារអំពៅ ។ ក្រុមបាល់ទាត់ចំនួន១០ក្រុម ដែលសុទ្ធសឹងតែជាសាខារបស់ក្លិបសមាគមមួយនេះ បានបើកឆាកប្រកួតតាំងពីព្រឹករហូតដល់ម៉ោង៦ល្ងាច ទើបរកឃើញក្រុមលើកពាន។
ការប្រកួតពានរង្វាន់ ៧មករា នេះ គឺបានធ្វើឡើង ដើម្បីអបអរទិវារ៧មករា ក៏ដូចជាដើម្បីលើកស្ទួយដល់វិស័យបាល់ទាត់ ដែលកំពុងតែមានការឈានឡើងនៅកម្ពុជា។ ក្រុមដែលបានចូលប្រកួតរួមមានក្រុមរាជធានី កំពង់ស្ពឺ កំពង់ឆ្នាំង និងកណ្ដាលជាដើម។ ក្នុងនោះក៏មានក្រុមខ្មែរមកពីប្រទេសជប៉ុនចូលរួមប្រកួតផងដែរ។
លោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ បានអះអាងថា នេះជាការប្រកួតពាន់រង្វាន់បាល់ទាត់ មិត្តភាពក្របខណ្ឌរាជសីហ៍ ដើម្បីជាការអបអរសាទរខួបលើកទី៤៣ ទិវាជ័យជំនះ៧មករា ដែលការប្រកួតនេះមានការចូលរួមពី សមាសភាពសាខាសមាគមរាជសីហ៍ ចំនួន១០ក្រុមចូលរួមប្រកួត។ ក្រោយការបើកប្រកួតយ៉ាងស្វិតស្វាញ ក្រុមដែលទទួលពានជើងឯក បានទៅលើក្រុមសមាគមរាជសីហ៍មកពីខេត្តកណ្តាល, ក្រុមជាប់ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមសមាគមរាជសីហ៍ មកពីខេត្តកំពង់ស្ពឺ, ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមសមាគមរាជសីហ៍ មកពីរាជធានីភ្នំពេញ និងក្រុមដែលទទួលបានចំណាត់លេខ៤ គឺបានទៅលើក្រុមសាខាមកពីខេត្តសៀមរាប។
លោកបានបន្តថា ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានពានធំឬ ពានជើងឯក១ បាល់មួយគ្រាប់ និង ថវិកា២លានរៀល។ ចំណាត់ថ្នាក់លខ២ ទទួលបានពានរងមួយ បាល់មួយគ្រាប់ និង ថវិកា ១,៥លានរៀល។ ចំណាត់ថ្នាក់លេខ៣ ទទួលបាន ពានលេខ៣មួយ បាល់មួយគ្រាប់ និង ថវិកា១លានរៀល។ ដោយឡែកក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៤ ទទួលបានថាស១ បាល់មួយគ្រាប់ និង ថវិកា ៥០ម៉ឺនរៀល។ នៅបញ្ចប់ការប្រកួតក៏មានពិធីជប់លៀង អបអរការប្រកួតនោះ និង ជួបជុំដើម្បីអបអរទិវារ៧មករាផងដែរ។ សម្រាប់ពាន់ស្បែកជើងមាសនៅក្នងការប្រកួតនេះ បានទៅលើកីឡាករមកពីក្រុមសាខារាជធានីភ្នំពេញ ពានរង្វាន់អ្នកចាំទីល្អជាងគេ បានទៅលើកីឡាករក្នុងក្រុមមកពីខេត្តសៀមរាប ដោយទទួលបានស្រោមដៃមាស។
លោក ផាត តូម៉ាស ដែលជាអ្នកទៅទស្សនាផ្ទាល់ បានលើកឡើងថា ការប្រកួតដណ្ដើមពាននៅថ្ងៃទី៧ មករា មិនមែនគ្រាន់តែអបអរសម្រាប់ទិវាប្រវត្តិសាស្ត្រមួយនេះប៉ុណ្ណោះទេ តែក៏ដើម្បីលើកស្ទួយវិស័យបាល់ទាត់ និង បំផុសអោយយុវវ័យ និង អ្នកដែលស្រលាញ់កីឡាបានចូលរួមផងដែរ។ លោកថាការប្រកួតនេះ កំពុងបំផុសអោយវិស័យបាល់ទាត់កាន់តែមានការចាប់អារម្មណ៍ក្នុងស្រទាប់មហាជន ជាក់ស្ដែងសូម្បីតែលោកគ្រាន់តែឮថាមានការប្រកួតនេះ គឺលោកចំណាយពេលមកគាំទ្រទាំងភរិយាតែម្ដង ដោយសារតែការស្រលាញ់ និងចង់លើកទឹកចិត្តកីឡាករ៕