ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនៅក្នុងភូមិអូរតាពុក សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានអានអំណានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំ២០២១-២០២២រួចមក។ លោកជំទាវក៏បានជម្រុញដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថានក្នុងសាលារៀនអោយបានស្អាតជាប្រចាំ ជាពិសេសត្រូវចេះថែរក្សានិងសម្អាតថ្នាក់រៀន អគារស្នាក់នៅក្នុងសាលា បន្ទប់ទឹកអោយបានស្អាតល្អចៀសវាងការឆ្លងមេរោគផ្សេងៗ។ លោកជំទាវបានក្រើនរំលឹកដល់សិស្សានុសិស្សនៅក្នុងឆ្នាំសិក្សាថ្មីនេះត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជាដែលលោកគ្រូអ្នកគ្រូបានបង្ហាត់បង្រៀន ព្រោះថាក្មួយៗសិស្សានុសិស្សជាយុវជនស្នងឬស្សីបន្តវេនសម្រាប់ដឹកនាំប្រទេសជាតិតទៅមុខទៀត ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ដើម្បីធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម។
លោកជំទាវបានថ្លែងនូវការកោតសរសើរដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំមន្ទីរអប់រំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពី បង្ហាត់បង្រៀនដល់សិស្សានុសិស្ស ទោះឋិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈការបង្រៀនផ្ទាល់ និងការបង្រៀនពីចំងាយ (អនឡាញ )។ លោកជំទាវអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា បើលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ សូមទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងចូលរួមអនុវត្តបីកុំបីការពារទាំងអស់គ្នាដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា នៅឆ្នាំ២០២០-២០២១កន្លងមក វិស័យអប់រំ យុវជន និងកីឡាខេត្តសម្រេចបានដូចជា៖ សិស្សជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិស្មើនឹង៩៤% , សិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(មិនទាន់ដឹងលទ្ធផល) , សិស្សឆ្លងភូមិសិក្សាពីបឋមភូមិសិក្សាទៅមធ្យមសិក្សាបឋមភូមិស្មើនឹង៧៨,៣៧% , មធ្យមសិក្សាអនុវត្តន៍តាមកម្មវិធីសិក្សាសម្រេចបាន៩៧% , បឋមសិក្សាអនុវត្តន៍តាមកម្មវិធីសិក្សាសម្រេចបាន៨៥,៥% ។ ហើយក្នុងឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រឹះស្ថានសិក្សាសាធារណៈទូទាំងខេត្តដំណើរការរៀន និងបង្រៀនមាន៖ មធ្យមសិក្សាចំនួន៩កន្លែង ក្នុងនោះវិទ្យាល័យចំនួន ២កន្លែង និងអនុវិទ្យាល័យចំនួន៧ កន្លែង មានសិស្សសរុបចំនួន ៥៧២៣នាក់ ស្រី៣១១៦នាក់។ បឋមសិក្សាមានចំនួន ៤៨ សាលា មានសិស្សសរុប ១០៦៦៤នាក់ ស្រីចំនួន ៥១៥៤នាក់ , បឋមសិក្សាឯកជនមានចំនួន ៨សាលា មានសិស្សសរុបចំនួន ១០៩០នាក់ ស្រីចំនួន ៥៤១នាក់, មតេ្តយ្យសិក្សាសាធារណៈចំនួន ២៥ សាលា មានសិស្សសរុបចំនួន ១១៥៨នាក់ ស្រីចំនួន៥១៦នាក់, មត្តេយ្យសហគមន៍ចំនួន ១១កន្លែង មានសិស្សសរុបចំនួន ២២១នាក់ ស្រីចំនួន ១០២នាក់, មត្តេយ្យសិក្សាឯកជនមានចំនួន ៩សាលា មានសិស្សសរុបចំនួន ៦៨១នាក់ ស្រីចំនួន២១៩នាក់។ ជាមួយគ្នានោះសិស្សថ្មីគ្រប់អាយុ៦ឆ្នាំឬ៧០ខែ បានចុះឈ្មោះចូលរៀនចំនួន ៩៧៩នាក់ ស្រីចំនួន៤៥៦នាក់ និងសិស្សមត្តេយ្យចុះឈ្មោះចូលរៀនថ្មីចំនួន ២០១នាក់ ស្រីចំនួន១០១នាក់។ ហើយមន្ទីរអប់រំ យុវជន និងកីឡាខេត្តមានបុគ្គលិកអប់រំសរុបចំនួន ៨២៥នាក់ ស្រីចំនួន៤០១នាក់។
ក្នុងឱកាសនោះផងដែរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានប្រគល់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជ័យលាភីលេខ៤ គ្រូបង្រៀនល្អប្រចាំឆ្នាំសិក្សា២០១៩-២០២១ ជូនដល់អ្នកគ្រូ លី សុភាព ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ព្រមទាំងប្រគល់ថវិកានិងសៀវភៅយុវជនកាកបាតក្រហមកម្ពុជា និងសិស្សានុសិស្សផងដែរ៕