វេជ្ជបណ្ឌិតតួកគីបានព្រមានថា មនុស្សចាស់ និងអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងនៅតែមានហានិភ័យ ប្រសិនបើឆ្លងវីរុសកូវីដបំប្លែងខ្លួន Omicron ។
លោក Oguz Karabay សាស្ត្រាចារ្យមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Sakarya បាននិយាយថា “យោងទៅតាមការសង្កេតដំបូងរបស់យើង អ្នកដែលឆ្លង Omicron ទំនងជាបង្ហាញរោគសញ្ញាស្រាលជាងមុន ប៉ុន្តែចំនួនមនុស្សចាស់ និងមនុស្សដែលមិនបានចាក់វ៉ាក់សាំងនៅតែមានហានិភ័យ” ។ Karabay បាននិយាយថា “វីរុសបំប្លែងខ្លួន Omicron កំពុងរីករាលដាលកាន់តែលឿន ហើយវានឹងបង្កើនចំនួនអ្នកជំងឺបន្ថែមទៀត ។ ប៉ុន្តែវ៉ាក់សាំងបច្ចុប្បន្ននៅតែបន្តមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់បាន” ។
ខណៈពេលដែលកត់សម្គាល់ថា Omicron ត្រូវបានគេរំពឹងថានឹងក្លាយទៅជាវីរុសបំប្លែងខ្លួនលេចធ្លោក្នុងពេលឆាប់ៗនេះ លោកសាស្ត្រាចារ្យបាននិយាយថា វាមិនត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការស្លាប់បន្ថែមទៀតនោះទេ ។
ជាចុងក្រោយលោកបានណែនាំឲ្យប្រជាពលរដ្ឋបន្តរក្សាគម្លាតសង្គម លាងដៃជាប្រចាំ ពាក់ម៉ាស និងចាក់វ៉ាក់សាំង ជាពិសេសវ៉ាក់សាំងដូសជំរុញ ៕