រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ ៖ កោះឋានសួគ៌ បានក្លាយជារមណីយដ្ឋានលម្ហែកាយបែបធម្មជាតិ ដោយមានឆ្នេរភ្លោះខ្សាច់សក្បុសអមដោយដើមដូងជាច្រើន និងព័ទ្ធដោយភ្នំដែលមានដើមឈើពណ៌បៃតងដ៏ស្រស់ស្អាតទៀតផង។ កោះឋានសួគ៌ស្ថិតនៅសង្កាត់កោះរ៉ុង ដែលមានចម្ងាយជាង២០គីឡូម៉ែត្រពីទីរួមខេត្តព្រះសីហនុ។
ហើយភ្ញៀវទេសចរជាតិនិងអន្ដរជាតិ អាចសម្រាកលម្ហែកាយជាមួយធម្មជាតិដែលមានជំនោរសមុទ្រដ៏ត្រជាក់នៅកោះឋានសួគ៌ ដោយគ្រាន់តែធ្វើដំណើរតាមនាវាល្បឿនលឿនពីឆ្នេរអូរឈើទាលប្រហែល១ម៉ោង និង២០នាទីប៉ុណ្ណោះ។
ដំណើរកម្សាន្តចាត់ទុកថា ជាពេលវេលាមួយដ៏រីករាយក្នុងការសម្រាកលម្ហែអារម្មណ៍ក៏ដូចជាការបន្ថែមនូវភាពផ្អែមល្ហែមដល់គូស្វាមីភរិយាថ្មី ហើយកាន់តែពិសេសនោះគឺការជ្រើសរើសទីកន្លែងកម្សាន្តដ៏រ៉ូមែនទិក ដើម្បីឱ្យការសម្រាកនេះកាន់តែមានន័យ ។
ការពិតទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានតំបន់រមណីយដ្ឋានជាច្រើនកន្លែង ដែលយើងអាច ទៅកម្សាន្តបានយ៉ាងសប្បាយរីករាយ ព្រមទាំងចំណាយថវិកាតិចផងដែរ។ ដោយឡែកទឹកដី នៃខេត្តព្រះសីហនុឯនោះវិញ ក៏មានរមណីយដ្ឋានជាច្រើនកន្លែង ពិសេសសម្រាប់អ្នកដែលចូលចិត្តតំបន់សមុទ្ទប្រាកដជាមិនមើលរំលងពីទឹកដីដ៏ប្រណិតមួយនេះទេ។
ពេលឈានជើងដល់កំពង់ផែកោះឋានសួគ៌ភ្លាម អ្នកទេសចរគ្រប់រូបប្រាកដជាកោតសរសើរពីសម្រស់ទីលម្ហែថ្មីស័ក្ដិសមបំផុតសម្រាប់គូស្នេហ៍ ក្រុមគ្រួសារ និងមិត្ដភក្ដិ ហើយអ្វីដែលទាក់ចិត្ដភ្ញៀវដំបូងនោះ គឺទិដ្ឋភាពព្រៃដូងរាប់ម៉ឺនដើម ដែលត្រូវបានដាំជាជួរៗយ៉ាងមានរបៀប ព្រមជាមួយឆ្នេរខ្សាច់សម៉ដ្ឋខៃ ផ្ទៃទឹកសមុទ្រដ៏ថ្លាឈ្វេង ពិសេសការទស្សនាមច្ឆាសមុទ្រ ផ្កាថ្ម ព្រែកទឹករាក់ឆ្លុះឃើញត្រីហែលជាក្រុមៗ ព្រៃភ្នំធម្មជាតិ និងសំណង់បឹងហ្គាឡូបំពាក់ម៉ាស៊ីនត្រជាក់សម្រាប់ផ្ដល់នូវផាសុកភាពជូនភ្ញៀវទេសចរផងដែរ។ បើទោះបីជារមណីយដ្ឋានឯកជនមួយនេះ ទើបតែបើកសម្ពោធសម្រាប់ការអញ្ជើញរបស់អ្នកទេសចរក្តី តែក៏ទទួលបានការទៅទស្សនាជាហូរហែ នោះក៏ព្រោះតែការពេញចិត្ដនូវសម្រស់ធម្មជាតិ និងសកម្មភាពកម្សាន្ដជាច្រើន ដែលបានត្រៀមសម្រាប់ភ្ញៀវគ្រប់រូបដូចជា ការជិះទូកកាយ៉ាក់ក្បែរចំណុចប្រសព្វរវាងសមុទ្រ និងព្រែក។