ទឹកដោះគោសណ្តែកជារបស់ពេញនិយមមួយ មិនថាក្មេងចាស់ ប្រុសស្រី គឺគ្រប់វ័យ សុទ្ធតែអាចទទួលទានបាន ដោយវាអាចផ្តល់នៅអាហារូបត្ថម្ភសំខាន់ៗជាច្រើនមករាងកាយ ប៉ុន្តែក៏មានរឿងដែលអ្នកត្រូវដឹងផងដែរ អំពីការទទួលទានវាឲ្យបានត្រឹមត្រូវ។
ថ្ងៃនេះ គ្រូពេទ្យក្នុងស្រុក សូមណែនាំទៅអ្នកនិយមទទួលទានទឹកដោះគោសណ្តែក ចាំបាច់ត្រូវជៀសការទទួលទានវាលាយគ្នាជាមួយរបស់ទាំង ៥ ខាងក្រោម ព្រោះខ្លះអាចបង្កឲ្យពុល ខ្លះបង្កឲ្យបាត់បង់អាហារូបត្ថម្ភសំខាន់ដែលអ្នកត្រូវការ៖
៥) កុំផឹកទឹកដោះគោសណ្តែកដែលមិនទាន់ឆ្អិន
អ្នកខ្លះធ្វើទទួលទានខ្លួនឯង ហើយត្រូវប្រាកដថា ការចម្អិនរបស់អ្នកគឺមានលក្ខណៈពេញលេញល្អ និងមិននៅឆៅ។ ដោយសារតែទឹកសណ្តែកពេលវានៅឆៅ គឺមានផ្ទុកសារធាតុ Trypsin inhibitors, Saponin និងសារធាតុបង្កគ្រោះថ្នាក់មួយចំនួនផ្សេងទៀត ដែលអាចបណ្តាលឲ្យអ្នកក្អួតចង្អោរ ឈឺពោះ ឬរាគ។
៤) កុំប្រើស្ករក្រហមលាយជាមួយ
ស្ករក្រហមមានអាស៊ីដជាច្រើន ដែលនៅពេលវាចូលប្រតិកម្មជាមួយទឹកដោះគោសណ្តែក នោះវានឹងធ្វើឲ្យបាត់បង់ប្រូតេអ៊ីនសំខាន់ ពោលអ្នកនឹងមិនទទួលទានប្រយោជន៍ពីការទទួលទានវាឡើយ ហើយពេលខ្លះអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារថែមទៀត។
៣) កុំផឹក នៅពេលតែមួយពេលទទួលទានស៊ុត
ការទទួលទានទឹកដោះគោសណ្តែក ជួនពេលតែមួយពេលអ្នកទទួលទានស៊ុត អាចថាជាទម្លាប់អាហារពេលព្រឹករបស់មនុស្សមួយចំនួន។ បើយើងគិតមើលទៅវាមានសារធាតុចិញ្ចឹម និងសារធាតុរ៉ែល្អៗដូចគ្នា តែដោយសារក្នុងទឹកដោះគោសណ្តែក វាមានសារធាតុពិសេសមួយហៅថា ទ្រីបស៊ីន ដែលនៅពេលលាយបញ្ចូលជាមួយប្រូតេអ៊ីនរបស់ស៊ុត វានឹងធ្វើឲ្យអាហារូបត្ថម្ភជារួមមានការថយចុះ។
២) កុំផឹក ពេលពោះនៅទទេ
ពេលពោះរបស់យើងនៅទទេ ឬកំពុងឃ្លាន ការស្រូបយកប្រូតេអ៊ីនពីទឹកដោះគោសណ្តែកមិនជារឿងល្អឡើយ ដោយវានឹងផ្លាស់ប្តូរទៅជាកម្តៅដល់រាងកាយវិញ ដូច្នេះនឹងធ្វើឲ្យរាងកាយឡើងកម្តៅខ្លួន។ ល្អបំផុតអ្នកគួរតែមាននំប័ុង ឬនំណាមួយមកលាយទទួលទានជាមួយ ជៀសវាងដាច់ខាតការផឹកវាដើម្បីចម្អែតក្រពះជំនួសអាហារ។
១) កុំផឹកជាមួយថ្នាំ
អ្នកខ្លះប្លែក បែរជាជ្រើសយកការទទួលទានថ្នាំគ្រាប់ ដោយប្រើប្រាស់ទឹកដោះគោសណ្តែក ជំនួសទឹក។ នេះនៅពេលចូលប្រតិកម្មជាមួយគ្នា ទាំងប្រសិទ្ធភាពថ្នាំ ក៏គ្មាន ហើយសារធាតុចិញ្ចឹមក្នុងទឹកដោះគោសណ្តែកក៏បាត់បង់ផងដែរ៕