ពីមុនគេតែងតែនិយាយថា ជំងឺគ្រុនឈាមកើតតែទៅលើកុមារនិងមនុស្សវ័យជំទង់ប៉ុណ្ណោះ ហើយកម្រកនឹងកើតទៅលើមនុស្សពេញវ័យនិងមនុស្សចាស់ណាស់ ដោយសារមនុស្សពេញវ័យគាត់ចេះការពារខ្លួនបានល្អជាងកុមារ។ ប៉ុន្តែបច្ចុប្បន្ននេះជំងឺគ្រុនឈាមក៏មានឆ្លងទៅលើមនុស្សពេញវ័យ និងមនុស្សចាស់ដែរហើយត្រូវបានគេនិយាយតៗគ្នាថា មានការលំបាកព្យាបាលជាងកុមារដោយសារមនុស្សពេញវ័យនិងមនុស្សចាស់ឆ្លងមានសភាពធ្ងន់ធ្ងរ។ តើពិតជាមានលំបាកព្យាបាលជាងកុមារមែនទេ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល បានពន្យល់ថា ការដែលមនុស្សពេញវ័យនិងមនុស្សវ័យចាស់មានឆ្លងជំងឺគ្រុនឈាមនេះវាជាជោគជ័យមួយរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមព្រោះថាគាត់បានពន្យាពេលឆ្លងជំងឺគ្រុនឈាមពីក្មេងរហូតដល់ពេញវ័យនិងវ័យចាស់ទើបបានឆ្លង។
ពាក់ព័ន្ធទៅនឹងការលើកឡើងថាមនុស្សពេញវ័យឬវ័យចាស់ពេលឆ្លងជំងឺគ្រុនឈាមមានការលំបាកក្នុងការព្យាបាល លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា តាមពិតការព្យាបាលជំងឺគ្រុនឈាមទាំងមនុស្សចាស់មនុស្សពេញវ័យនិងកុមារដូចតែគ្នាទេ។ប៉ុន្តែការដែលថាមនុស្សចាស់និងមនុស្សពេញវ័យលំបាកព្យាបាលនោះដោយសារតែពេលពួកគាត់ឆ្លងជំងឺគ្រុនឈាមគ្រូពេទ្យខ្លះយល់ច្រឡំគាត់មិនបានធ្វើរោគវិនិច្ឆ័យរកជំងឺគ្រុនឈាមទេព្រោះគិតថាចាស់ហើយមិនមែនឆ្លងជំងឺគ្រុនឈាមដូចកុមារទេហើយទៅព្យាបាលជំងឺផ្សេងទៅវិញរហូតដល់មានសភាពធ្ងន់ធ្ងរទើបដឹងថាមានជំងឺគ្រុនឈាម។ ប៉ុន្តែអ្នកជំងឺមានសភាពធ្ងន់ធ្ងរបាត់ទៅហើយ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធាបានបន្តថា«អីចឹងកាលណាស្ថានភាពជំងឺគ្រុនឈាមធ្ងន់ធ្ងរមិនថាកុមារឬមនុស្សពេញវ័យនិងមនុស្សចាស់ទេគឺលំបាកក្នុងការព្យាបាលណាស់ហើយប្រសិនបើទុកយូរមិនបានព្យាបាលអាចធ្វើឱ្យឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតបាន»។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានលើកឡើងរបាយការណ៍មកបញ្ជាក់ថារយៈពេល២ខែឆ្នាំនេះកម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន៣១៥ករណីនិងមិនមានអ្នកស្លាប់ទេ។តួលេខនេះបើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅឃើញថាមានចំនួនប្រហាក់ប្រហែលគ្នានិងមិនមានអ្នកស្លាប់ដូចគ្នាដែរ។
យ៉ាងណាក៏ដោយ លោក វេជ្ជបណ្ឌិតបានបន្តទៀតថា នៅឆ្នាំ២០២២នេះករណីជំងឺគ្រុនឈាមអាចនឹងមានការកើនឡើងខ្ពស់ដោយសារកក្តាបំរែបំរួលអាកាសធាតុពិសេសអាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើនពិសេសឆ្នាំ២០២២នេះជាឆ្នាំទី៣ស្ថិតក្នុងវដ្តឆ្នាំមានការផ្ទុះជំងឺគ្រុនឈាមមានលក្ខណៈទ្រង់ទ្រាយធំដែលតែងតែផ្ទុះឡើងរយៈពេល៥ឆ្នាំម្តង។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមនៅឆ្នាំនេះកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានត្រៀមថ្នាំអាបេតប្រមាណ១០០តោនសេរ៉ូម៦ទៅ៧ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស៦ពាន់លីត្រផលិតខិតប័ណ្ណអប់រំស្តីពីជំងឺគ្រុនឈាមដើម្បីបង្ការនិងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ៕