តាមរយៈការបញ្ជាក់ របស់អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នឹងកើតមានឡើងនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះហើយ។
ក្នុងនោះផងដែរ តាមរយៈព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះ ត្រូវបានអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រអាជ្ញាធរជាតិអប្សរា ឱ្យឈ្មោះថា ព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន ២ ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និង សមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
គួរឱ្យដឹងផងដែរថា សមរាត្រី ជាវេលាដែលថ្ងៃ និង យប់ មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះ ពេលថ្ងៃមានរយៈពេលវែងជាងពេលយប់ ហើយខែខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃ ទៅវិញក៏មានដែរ។ ភាពដ៏អស្ចារ្យនេះ បានកើតឡើងនៅអង្គរវត្ត គឺស្របពេលដែលជាពេលវេលាថ្ងៃ និង យប់មានរយៈពេលស្ទើស្មើគ្នា ហៅថាសមរាត្រី នោះដំណើរផែនដី និង ដំណើរព្រះអាទិត្យ ក៏បានរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្ត៕