ប៉ៃលិន៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលប៉ៃលិន និងក្រុមការងារ បានអញ្ជើញពិនិត្យមើលអាជីវករ លក់ដូរបន្លែ ត្រី សាច់ នៅទីតាំងផ្សារបណ្តោះអាសន្ន ស្ថិតនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរៀបចំដោយអាជ្ញាធរខេត្ត ក្នុងអំឡុងពេលផ្សារព្រំថ្មី (ផ្សារតាប៉ាច) ត្រូវបានបិទ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីថែរក្សាសុខសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាជីវករទាំងអស់ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ រដ្ឋបាលខេត្ត បានរៀបចំការផ្លាស់ប្តូទីតាំងផ្សារព្រំថ្មី (ផ្សារតាប៉ា) ជាបណ្តោះអាសន្ន ទៅធ្វើការលក់ដូរនៅកន្លែងថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញម្ហូបអាហារ ក្នុងកាលទេសៈបិទខ្ទប់នេះ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។
លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មនានាក្នុងខេត្ត ត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងក្នុងប្រទេសជាតិរបស់យើង មិនតែប៉ុណ្ណោះសូមបងប្អូនអាជីវករ កុំឆ្លៀតឱកាសលក់ទំនិញ និងម្ហូបអាហារដំឡើងថ្លៃអោយសោះ។
សូមបញ្ជាក់ថា៖ ការរៀបចំទីតាំងលក់ដូបន្លែ ត្រី សាច់ បណ្តោះអាសន្តនេះ គឺធ្វើឡើងមានរយៈពេលចំនួន៧ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ហើយជាមួយគ្នានេះដែរ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ក៍បានប្រគល់ប៊ូត (រោងតង់) ដល់បងប្អូនអាជីវករ ដែលមានជីវភាពក្រក្រីចំនួន ២៣នាក់ផងដែរ។
អត្ថបទ៖ លោក ញ៉ឹប បូរី