ដើម្បីឱ្យរាងកាយមាំទាំ និងឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ អ្នកជំនាញសុខាភិបាលណែនាំឱ្យអ្នកជំងឺទាំងអស់ជ្រើសរើសអាហារសម្បូរប្រូតេអ៊ីនដូចជា សាច់ ស៊ុត ត្រី និងទឹកដោះគោ។ល។ លើសពីនេះទៀត ត្រូវបន្ថែមវីតាមីន និងសារធាតុរ៉ែឱ្យបានច្រើនពីបន្លែ និងផ្លែឈើជារៀងរាល់ថ្ងៃ ព្រមទាំងផឹកទឹក ឬភេសជ្ជៈដែលមានកាឡូរីខ្ពស់ជាទៀងទាត់ផងដែរ។
ក្រៅពីនោះ អ្នកជំងឺកូវីដ-១៩កម្រិតស្រាលគ្រប់រូប គួរយកចិត្តទុកដាក់លើការងូតទឹក ឬការសម្អាតខ្លួនប្រាណ ជាប្រចាំថែមទៀត។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Tuoi Tre លោក MSc Kieu Xuan Thy អនុប្រធាននៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថាន ទីក្រុងហូជីមិញ បានទូន្មានថា អ្នកជំងឺកូវីដដែលមិនងូតទឹកញឹកញាប់ អាចបណ្ដាលឱ្យសុខភាពទ្រុឌទ្រោមជាងធម្មតា។ ដោយសារអ្នកឆ្លងកូវីដ-១៩ ច្រើនតែបែកញើស ដូច្នេះរាងកាយគួរតែសម្អាតឲ្យបានច្រើន ដើម្បីឲ្យអ្នកជំងឺមានអារម្មណ៍ស្រួលខ្លួន និងសុវត្ថិភាព។
យ៉ាងណាមិញ ពេលងូតទឹក ត្រូវតែចំណាំថា គួរតែប្រើតែទឹកក្តៅឧណ្ហៗ ហើយងូតក្នុងបន្ទប់ ឬកន្លែងបិទជិត ដើម្បីជៀសវាងពង្រាយទឹក ឬមេរោគ។ មួយវិញទៀត បន្ទាប់ពីកក់សក់រួច ត្រូវឆាប់សម្ងួតសក់ភ្លាមៗ។
វេជ្ជបណ្ឌិត MSc Kieu Xuan Thy ណែនាំបន្ថែមថា អ្នកជំងឺមិនគួរងូតទឹក និងកក់សក់ក្នុងពេលតែមួយទេ ហើយចំពោះពេលវេលាសមស្របបំផុតគឺ ពេលព្រឹក ឬពេលរសៀល និងចៀសវាងងូតទឹក ឬកក់សក់នៅពេលយប់។ លើសពីនេះ អ្នកជំងឺគួរផឹកទឹកក្តៅឧណ្ហៗមួយកែវមុនពេលងូតទឹក ដើម្បីចៀសវាងការខ្សោះជាតិទឹក។
ទោះបីជាសកម្មភាពណែនាំខាងលើ មិនអាចជួយព្យាបាល ឬសម្លាប់មេរោគកូវីដ-១៩ បានពិតមែន ប៉ុន្តែបើអនុវត្តបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន អ្នកជំងឺប្រាកដជាឆាប់ជាយ៉ាងរហ័ស ព្រមទាំងអាចការពារអាការធ្ងន់ផងដែរ៕