ខេត្តប៉ៃលិន ៖ នៅថ្ងៃឈប់សម្រាកដែលជាថ្ងៃបុណ្យ ទិវាសិទ្ធិនារី ៨មីនា ឆ្នាំ២០២២ម្សិលម៉ិញនេះ គេសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ក្នុងស្រុកបាននាំប្រពន្ធកូនទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានជាច្រើន ជាពិសេសគឺរមណីយដ្ឋានចំការខ្នុរ ស្ថិតនៅក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមការរៀបរាប់ពីភ្ញៀវទេសចរណ៍ម្នាក់មានឈ្មោះ ម៉ាលី ភេទស្រី និងឈ្មោះ អូន ភេទស្រី បានឱ្យដឹងថា ៖ ពួកគាត់រស់នៅក្នុងខេត្តប៉ៃលិន ហើយពិតជាសប្បាយរីករាយក្នុងការនាំក្រុមគ្រួសារកូនចៅទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ដោយមានវេចខ្ចប់ម្ហូបអាហារនំចំណីពីផ្ទះយកទៅទទួលទាន អ្នកខ្លះក៏ចុះហែលទឹក អុំទូកក្នុងស្ទឹង ដែលមានទឹកមិនសូវជ្រៅ បង្កលក្ខណៈងាយស្រួលក្នុងការលេង។ ចំណែកអ្នកខ្លះទៀត ក៏កុម្មង់ទិញម្ហូបអាហាររបស់ម្ចាស់រមណីយដ្ឋាន ដែលមានលក់ដូចជា ត្រីដុត មាន់ដុត សម្ល ស្ងោ ផ្សេងៗជាច្រើនទៀត។
ប្រភពដដែលបន្តទៀតថា មិនត្រឹមតែភ្ញៀវរស់នៅក្នុងខេត្ត មកដើរលេងកម្សាន្តតាមរមណីយដ្ឋានទាំងនេះទេ គឺមានអ្នកខ្លះមកពីខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ចូលមកលេង តាំងពីព្រឹករហូតដល់ពេលល្ងាច ទើបនាំគ្នាបើករថយន្តត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ត្រូវបានមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺកូវីដ១៩ ដោយមិនត្រូវភ្លេចខ្លួននោះឡើយ គឺត្រូវលាងដៃជាមួយអាល់កុល ឬជែល និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធាន «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលផងដែរ៕