តើអ្នកដឹងទេថា អ្នកងងុយគេងរាល់ថ្ងៃពេលយប់ដោយសារតែអ្វី? វាមកពីការបញ្ចេញអរម៉ូនមួយហៅថា “មេឡាតូនីន” (Melatonin)។ មេឡាតូនីនអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនរួមបញ្ចូលទាំងជួយការពារសុខភាពបេះដូង ទប់ស្កាត់ជំងឺមហារីក និងដើរតួយ៉ាងសំខាន់ក្នុងវដ្ដនៃការគេង។ អ្នកនឹងមានបញ្ហាគេងមិនលក់ នៅពេលដែលខ្វះអរម៉ូននេះ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ផ្លែឈើ៣យ៉ាង ដែលជួយបង្កើនអរម៉ូនមេឡាតូនីន ដោយធម្មជាតិ។
១. ផ្លែចេក
ផ្លែចេកជាប្រភពដ៏ប្រសើរនៃអាស៊ីតអាមីណូ tryptophan ដែលជួយឱ្យស្ងប់អារម្មណ៍និងឆាប់គេងលក់។ ការទទួលទានផ្លែចេកក៏ល្អសម្រាប់រក្សាសុខភាពរាងកាយទាំងមូលកាតបន្ថយហានិភ័យនៃជំងឺជាច្រើនផ្សេងទៀតផងដែរ។
២. ផ្លែម្នាស់
ការទទួលទានផ្លែម្នាស់ក៏ជួយទប់ស្កាត់បញ្ហាគេងមិនលក់បានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាមិនគួរទទួលទានច្រើនពេកឡើយ ពិសេសនៅពេលយប់ចៀសវាងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ក្រៅពីល្អសម្រាប់ការបង្កើនអរម៉ូនមេឡាតូនីន ម្នាស់ក៏មានផ្ទុកវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ លើសពីនេះទៅទៀតសារធាតុ bromelain នៃផ្លែម្នាស់អាចរារាំងទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក និងថែមទាំងធ្វើឱ្យកោសិកាមហារីកងាប់ផងដែរ ជាពិសេសជំងឺមហារីកពោះវៀនធំ។
៣. ផ្លែប៉េងប៉ោះ
ការទទួលទានផ្លែប៉េងប៉ោះក៏ជួយបង្កើនការផលិតអរម៉ូនមេឡាតូនីនគួរឱ្យកត់សម្គាល់ផងដែរ។ លើសពីនេះទៅទៀតប៉េងប៉ោះជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ វីតាមីន C និងប៉ូតាស្យូម ក្នុងប៉េងប៉ោះក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ រួមទាំងល្អសម្រាប់សុខភាពបេះដូងផងដែរ៕