ថៃ៖ ក្នុងរជ្ជកាលស្ដេចថៃមួយអង្គព្រះនាម ព្រះបាទភូមិបុល អាឌុលយ៉ាដេត នាពាក់កណ្ដាលសតវត្សទី ២០ ស្ដេចអង្គនេះរកឃើញថាមានកសិករថៃរហូតដល់ទៅ ៨២% ធ្វើស្រែរំពឹងមេឃ ពោលគឺពឹងទឹកភ្លៀងធ្លាក់មកតាមបែបធម្មជាតិ ហើយដោយហេតុដូច្នោះហើយបណ្ដាលឱ្យកសិករខ្លះជួបនឹងបញ្ហាខ្វះទឹកធ្វើស្រែ ឬចម្ការរបស់ខ្លួន។
ដោយទតឃើញដូច្នោះគម្រោងមួយក្រោមឈ្មោះថា Thailand Royal Rainmaking Project ត្រូវបានកកើតឡើងដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិត ជួយផ្គត់ផ្គង់ក៏ដូចជាធ្វើឱ្យភ្លៀងនៅតំបន់មួយចំនួនដែលជួបបញ្ហារាំងស្ងួត និងខ្វះខាតទឹក ខណៈដែលការអភិវឌ្ឍធារាសាស្ត្រមិនទាន់រួចរាល់សព្វគ្រប់នៅឡើយនាពេលនោះ។
ក្រុមអ្នកវិទ្យាសាស្ត្រ សិក្សារស្រាវជ្រាវក្រោមការដឹកនាំដោយព្រះបាទភូមិបុល បានសម្រេចចេញជាផ្លែផ្កាលទ្ធផលដោយដំណក់ភ្លៀងសិប្បនិម្មិតដំបូងនៅក្នុងប្រទេសថៃជាផ្លូវការ បានសម្រក់ចុះនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៦៩ នៅឧទ្យានជាតិថៃ Khao Yai។
របៀបនៃការបង្កើតភ្លៀងនេះមានលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកទេសច្រើន តែបើនិយាយដោយមើលតែរូបភាពពីក្រៅយើងអាចនិយាយបានថាថៃមានរបៀបបង្កើតភ្លៀងសិប្បនិម្មិត ៣របៀប៖
១. Agitation: ជាដំណើរមួយនៃការប្រើប្រាស់យន្តហោះបាចសារធាតុគីមីម្យ៉ាងដែលគេបង្កើតឡើង ដើម្បីជម្រុញឱ្យម៉ាសខ្យល់ធ្ងន់ ហើយបង្កើតទៅជាសំណើមរួចក៏បង្អុរចុះមកក្រោម ក្រោមរូបភាពជាទឹកភ្លៀង។
២. Fattening: ជាដំណើរមួយដែលគេបង្កើតជាពពក តាមរយៈការបាចសារធាតុគីមីមួយបែប Exothermic-Hygroscopicដើម្បីឱ្យបង្កើតជាដំណក់ទឹកនៅលើមេឃហើយធ្លាក់ចុះមកក្រោមជាភ្លៀងនោះ។
៣. Attacking: វិធីនេះបីដូចជាការប្រើកម្លាំងបាយដូច្នោះដែរ ដោយគេប្រើយន្តហោះ ហោះកាត់ពពកក្រាស់ៗ ដើម្បីពន្លឿនដំណើរកកើតពីចំហាយទឹកទៅជាតំណក់ទឹក នឹងអាលឆាប់ភ្លៀងចុះមកក្រោម។
សព្វថ្ងៃបច្ចេកវិទ្យាភ្លៀងសិប្បនិម្មិតរបស់ថៃនេះ ស្ថិតនៅក្រោមក្រសួង កសិកម្មថៃ ដែលមានយន្តហោះបង្កើតភ្លៀងនេះរហូតដល់ទៅ ៣៩ គ្រឿងពីឡុត ៧១នាក់ ហើយភាគច្រើនប្រចាំការនៅខេត្តសម្បូរកសិករ ដូចជា៖ Chiang Mai, Nakhon Sawan, Khon Kaen, Rayong, និង Surat Thani នេះបើយោងតាមរបាយការណ៍ដែលចេញនៅឆ្នាំ ២០១៩ ដោយកាសែតបាងកកប៉ុស្ដិ។
សូមបញ្ជាក់ផងដែរថា៖ សម្រាប់គំនិតផ្ដួចផ្ដើមរបស់អតីតព្រះរាជាថៃ ព្រះបាទភូមិបុល អាឌុលយ៉ាដេត នេះផងដែរ ត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិមួយឈ្មោះថា EUREKA ថាជាការច្នៃបង្កើតមួយដែលមានប្រយោជន៍ដល់ពិភពលោក ហើយកន្លងទៅមានដូចជាប្រទេស Jordan ដែលសុំសិទ្ធថៃដើម្បីយកទៅប្រើប្រាស់នៅក្នុងប្រទេសខ្លួន៕
អត្ថបទ៖ លោក ញ៉ឹប បូរី