(ឌូបៃ)៖ ម្ចាស់ពានរង្វាន់ជើងឯកនៃព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 កីឡាករ Lewis Hamilton នឹងផ្លាស់ប្តូរឈ្មោះរបស់លោក ដើម្បីផ្តល់កិត្តិយសចំពោះម្តាយរបស់លោក គឺអ្នកស្រី Carmen Larbalestier។ នេះបើតាមការលើកឡើងរបស់លោកនាថ្ងៃចន្ទ ខណៈលោកកំពុងត្រៀមសម្រាប់ប្រកួតប្រជែងដណ្តើមយកកំណត់ត្រាពានរង្វាន់លំដាប់ពិភពលោកនេះជាលើកទី៨។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានលើកឡើងថា លោកនឹងបន្ថែមនាមត្រកូលរបស់ម្តាយរបស់លោកចូលក្នុងឈ្មោះរបស់លោក ពោលគឺ Lewis Hamilton-Larbalestier ដែលការផ្លាស់ប្តូរនេះ នឹងធ្វើឡើងនៅពេលឆាប់ៗនេះ។
កីឡាករប្រណាំងនៅក្រុម Mercedes នេះបានប្រាប់ក្នុងកិច្ចសម្ភាសន៍មួយនាទីក្រុង Dubai ថា «ឈ្មោះម្តាយរបស់ខ្ញុំគឺ Larbalestier ហើយខ្ញុំនឹងដាក់ឈ្មោះនេះបន្ថែមក្នុងឈ្មោះរបស់ខ្ញុំ។ ព្រោះខ្ញុំពិតជាមិនយល់ទាំងស្រុងនោះទេចំពោះគំនិតដែលនៅពេលដែលមនុស្សយើងរៀបការរួច បន្ទាប់មកស្ត្រីនឹងបាត់បង់ឈ្មោះរបស់គាត់»៕