ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ហុក សុផល និង ឯកឧត្តម ឃ្លោក នូយ អភិបាលរងខេត្តប៉ៃលិន បានអញ្ជើញក្នុងពិធីប្រគល់- ទទួល នូវ សម្ភារ: បរិក្ខាពេទ្យ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី តាមរយ:សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ដែលផ្តល់ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីបន្តចែកជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តប៉ៃលិន។
សម្ភារៈ បរិក្ខារពេទ្យ ដែលបានប្រគល់-ទទួលនាពេលនោះ រួមមាន សម្ភារ ទាក់ទងការរុំ និងការថែទាំរបួស, សម្ភារ: ជំនួយការពិនិត្យជំងឺទូទៅ និងរោគស្ពឹ, សម្ភារ: ជំនួយការងារមន្ទីរពិសោធន៍, សម្ភារ: ជំនួយការវះកាត់ សម្ភារ: បរិក្ខារផ្សេងៗ សរុបចំនួន១៥០កេស។ ជែលលាងសម្អាតដៃ 50ml ចំនួន៤០០០ដប, ជែលលាងសម្អាតដៃ៥០០ml ចំនួន ១៦០០០ដប, អាវក្រណាត់(សម្រាប់អ្នកជម្ងឺ)ចំនួន៧៥០០អាវ និងជើងរៀនដើរចំនួន២០សម្រាប់។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានជួយឧបត្ថម្ភជាសម្ភារៈគ្រឿងបរិក្ខាពេទ្យ ដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន។ កាយវិការនេះបានបង្ហាញពីការគិតគូយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះមន្រ្តីថ្នាក់ក្រោម ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំមូល។ ឯកឧត្តម ហុក សុផល បានមានប្រសាសន៍បន្តថា ជំនួយជាគ្រឿងបរិក្ខាពេទ្យនាពេលនេះ ពិតជាចំគោលដៅ និងតម្រូវការចាំបាច់របស់មន្ទីរពេទ្យ ក៏ដូចជាមណ្ឌលសុខភាពទាំងឡាយនៅក្នុងខេត្តប៉ៃលិន សម្រាប់បម្រើដល់ការពិនិត្យ ព្យាបាល ការថែទាំសុខភាព របស់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្ភារៈនិងបរិក្ខារពេទ្យដែលបានទទួលនាពេលនេះ នឹងត្រូវយកទៅបែងចែកដល់មន្ទីរពេទ្យបង្អែកខេត្ដ ក៏ដូចជាមណ្ឌលសុខភាពនៅទូទាំងខេត្ត ទៅតាមតម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនីមួយៗ៕ ដោយ AKP ប៉ៃលិន