ម្ទេសត្រូវបានចាត់ទុកជាប្រភេទដំណាំរួមផ្សំដែលមានការពេញនិយម ដាំដុះនៅតាមផ្ទះ ប៉ុន្តែការដាំដុះមិនទាន់អាចតម្រូវតាមទីផ្សារនោះទេ ព្រោះម្ទេសកំពុងមានតម្រូវការខ្ពស់។ ដើម្បីស្របតម្រូវការទីផ្សារខ្ពស់ កសិករគួរស្វែងយល់ពីបច្ចេកទេសដាំម្ទេសមួយចំនួន ដើម្បីទទួលបានទិន្នផលខ្ពស់។ ថ្ងៃនេះសូម ដកស្រង់បច្ចេកទេសដាំម្ទេសរបស់ក្រសួងកសិកម្ម ដើម្បីចែកជូនបងប្អូនកសិករនូវបច្ចេកទេសសំខាន់ៗមួយចំនួន។
ដំបូងត្រូវរៀបចំដី ដោយរៀបចំរងម្ទេសទំហំ១ម៉ែត្រ និងមានកម្ពស់សមល្មម ប៉ុន្តែបើក្នុងរដូវវស្សាត្រូវធ្វើរងឲ្យមានកម្ពស់យ៉ាងតិច ៣០សង់ទីម៉ែត្រចៀសវាងការលិចទឹក។ បន្ទាប់ពីរៀបចំរងម្ទេសរួចត្រូវពង្រាយជីដូចជាលាមកគោ ជីកំប៉ុស្ដិ៍ឲ្យពេញលើរង និងត្រូវយកចំបើងគ្របលើរងយ៉ាងតិចកម្រាស់៥សង់ទីម៉ែត្រ។
ការបណ្ដុះកូន៖ ដើម្បីបណ្ដុះកូនម្ទេសដែលមានសុខភាពល្អ គេត្រូវបណ្ដុះកូនម្ទេសនៅក្នុងកន្ទោង(ប្រើស្លឹកចេក ឬស្លឹកត្នោត)។ ប្រើដីដំបូក(ព្រោះមានជីជាតិ) ១ភាគលាយជាមួយជីកំប៉ុស្ដិ៍ ឬលាមកគោ១ភាគ និងផេះអង្កាម១ភាគ។ បន្ទាប់ពីលាយល្បាយនោះរួចគេអាចយកទៅលីងដើម្បីកម្ចាត់ផ្សិត ប៉ុន្តែបើមិនលីងក៏បានដែរ ហើយយកល្បាយនោះទៅដាក់កន្ទោងដើម្បីបណ្ដុះកូនម្ទេស។ ដោយមួយកន្ទោងដាក់ម្ទេសចំនួន១គ្រាប់។ បន្ទាប់ពីរៀបចំបណ្ដុះរួចត្រូវប្រើសំណាញ់គ្របធ្វើជាដំបូលដើម្បីការពារសត្វល្អិត និងកាត់បន្ថយពន្លឺនៅរដូវក្ដៅ និងត្រូវស្រោចទឹកម្ដងក្នុងមួយថ្ងៃ(ពេលព្រឹក)។
ការដាំកូនម្ទេស៖ កូនម្ទេសដែលមានអាយុ ២៥ថ្ងៃទៅ ២៨ថ្ងៃអាចទៅដាំបាន។ មុនពេលដាំត្រូវដាក់កូនម្ទេសឲ្យត្រូវថ្ងៃពេញពី ២ថ្ងៃទៅ ៣ថ្ងៃដើម្បីឲ្យរឹងមាំនិងផ្សាំអាកាសធាតុខាងក្រៅ។ ប៉ុន្តែមុនពេលដាំត្រូវស្រោចទឹកកូនម្ទេសឲ្យសើមនៅពេលព្រឹក រួចដាំកូនម្ទេសដាំនៅពេលរសៀល។ នៅពេលយកកូនម្ទេសដាំត្រូវមានការប្រុងប្រយ័ត្ន និងត្រូវស្រោចទឹកម្ទេសឲ្យបានគ្រប់គ្រាន់បន្ទាប់ពីដាំរួចពិសេសរយៈពេល២ទៅ៣អាទិត្យបន្ទាប់ពីដាំរួច។
ការមើលថែ៖ ជាការល្អត្រូវស្រោចទឹកនៅពេលព្រឹកឲ្យគ្រប់គ្រាន់ និងចៀសវាងស្រោចទឹកច្រើនពេកនៅល្ងាច ព្រោះអាចបង្កបញ្ហាដល់ដំណាំបន្ទាប់ពីដាំបាន៧ទៅ១៥ថ្ងៃ។ ត្រូវប្រយ័ត្នពពួកទ្រីបដែលចូលចិត្តជញ្ជក់ត្រួយម្ទេសហើយចម្លងជំងឺនិងធ្វើឲ្យស្លឹកម្ទេសរួញ៕