ទឹកដីឆ្នេរតារារះ នាទិសនិរតី ខេត្តព្រះសីហនុ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជននៅក្នុងបណ្ដាញសង្គម ក្រោយពីបានឃើញទិដ្ឋភាពដងវិថីថ្មីស្រឡាង ស្ថាបនាខ្វាត់ខ្វែង កៀកនឹងឆ្នេរសមុទ្រ បង្កើតបានជាទស្សនីយភាពមួយដ៏ស្រស់ត្រកាល ទាក់ទាញដួងនេត្រាមហាជន ក៏ដូចជាភ្ញៀវទេសចរ ឱ្យចង់ទៅលម្ហែកម្សាន្ត ក្រោយស្រាកស្រាន្តពីការរាតត្បាតជំងឺកូវីដ-១៩ ។
ជាក់ស្ដែង តាមរយៈរូបភាពដែលផ្ដល់ដោយផេក ប្រជាជនខេត្តព្រះសីហនុ និងជាស្នាដៃថតរូបរបស់លោក Panharoth Kim បានបង្ហាញពីទិដ្ឋភាពកំណាត់ផ្លូវខាងលើ ដែលទើបស្ថាបនារួចថ្មីថ្មោងយ៉ាងរលោងស្រិល នៅជាប់នឹងឆ្នេរសមុទ្រ រំលេចជាមួយនឹងពាក្យខ្មែរមួយឃ្លា នៅម្ខាងផ្លូវថា « ខ្មែរធ្វើបាន » កំពុងទទួលបានការពេញនិយមពីប្រជាជននៅតំបន់នោះ ទៅថតរូបលេងកម្សាន្តជាប្រចាំ ។ មិនតែប៉ុណ្ណោះ ដងវិថីដ៏ស្រស់ត្រកាលមួយនេះ មិនត្រឹមតែមានផ្លូវសម្រាប់ចរាចរណ៍ដោយយាន្តយន្តនោះទេ ថែមទាំងមានផ្លូវសម្រាប់ប្រជាជន អាចដើរថ្មើជើងក្បែរមាត់ឆ្នេរ ទុកគ្រាន់ជាការលម្ហែ ក៏ដូចជាដើរហាត់ប្រាណ នៅពេលទំនេរពីការងារ ក៏ដូចជាថ្ងៃសម្រាកចុងសប្ដាហ៍ ផងដែរ។
តាមរយៈសមិទ្ធិផលដ៏អស្ចារ្យបែបនេះហើយ បានធ្វើឱ្យ ក្រុងព្រះសីហនុ ត្រូវបានគេស្គាល់ ជាតំបន់រីកចម្រើនទាំងវិស័យសេដ្ឋកិច្ច និង ទេសចរណ៍ រីកធំធាត់ ទំនើបស៊ីវីល័យ យ៉ាងឆាប់រហ័ស ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ៕