លោកស្រី អ៊ិត យុត អតីតអភិបាលរងខេត្តប៉ៃលិន បានសម្ដែងការហួសចិត្តចំពោះក្មួយស្រីសាច់ថ្លៃរបស់គាត់ ឈ្មោះ អ៊ុ វន្នី ហៅ ជា អាយុ ២៥ឆ្នាំ ប្តីឈ្មោះ ឈាង ចន្ថា អាយុ ២៧ ឆ្នាំ រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានប្ដឹងរូបគាត់ទៅអាជ្ញាធរឃុំស្ទឹងកាច់ ដោយចោតថា បានលួចធ្វើផ្លង់កម្មសិទ្ធយកដីរបស់ខ្លួន ក្រោយឪពុកម្ដាយស្លាប់បាត់ទៅ។ លោកស្រី អ៊ឹត យុត បានបញ្ជាក់ថាៈ ទីតាំងដីរបស់គាត់ដែលមានទំនាស់ជាមួយក្មួយស្រីសាច់ថ្លៃនេះ គឺជាដីរបស់គាត់យ៉ាងពិតប្រាកដ ដែលគាត់បានកាន់កាប់តាំងពីមុនឆ្នាំ២០០០ មកម្ល៉េះ ក្រោយពីបានទិញពីឈ្មោះ ញើន (បច្ចុប្បន្នបានស្លាប់) ក្នុងម្លៃ៣៥០០០បាត។ លោកស្រី អ៊ឹត យុត បានបន្តថា វេលាក្រោយមកទៀតជាច្រើនឆ្នាំ ទើបគាត់បានទទួលប្អូនថ្លៃសាច់ខាងប្តីមករស់នៅជាមួយ ដែលមានប្តីឈ្មោះ អ៊ុ សារិទ្ធ និងប្រពន្ធ ឈ្មោះ កែវ វណ្ណា ហើយក៏បានអនុញ្ញាតឲ្យទៅរស់នៅ និងអាស្រ័យផលនៅលើដីរបស់គាត់ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ គឺដីដែលកំពុងមានទំនាស់នេះ។ ពោលគឺ មិនមែនក្នុងឆ្នាំ២០០០ ហើយក៏មិនមែនពួកគាត់ទាំងពីនាក់នោះ ជាអ្នកបានមកកាប់រានព្រៃធ្វើចំការ ដូចការអះអាងរបស់ក្មួយស្រីរបស់គាត់ឈ្មោះ អ៊ុ វន្នី នោះទេ គឺព្រៃនោះត្រូវបានលោកស្រី ផ្ទាល់បាននាំកូនចៅកាប់់វាលអស់ហើយ។ លោកស្រីបានបន្តថាៈ ក្រោយមកទៀត ប្អូនថ្លៃទាំងពីរនាក់ប្ដី-ប្រពន្ធក៏បានស្លាប់ទៅ និងបន្សល់ទុកនូវកូនស្រីឈ្មោះ អ៊ុំ វន្នី ហៅ ជា ទាំងក្មេងវ័យ ។ ចាប់ពីពេលនោះមកគាត់រមានភារកិច្ចចិញ្ចឹមក្មួយស្រីរូបនេះ រហូតដល់ធំ និងរៀបចំឲ្យមានគូស្រករ។ ទាក់ទងទៅនឹងដីដែលគាត់បានអនុញ្ញាតិអោយប្អូនថ្លៃទៅស្នាក់នៅ និងអាស្រ័យផលនេះ លោកស្រី អ៊ិត យុត បានបញ្ជាក់ថា គាត់នឹងកាត់ដីនេះចំនួន ២ហិកតា ទៅឲ្យក្មួយស្រី អ៊ុ វន្នី ហៅ ជា ដោយមួយហិកតាបានធ្វើប្លង់កម្មសិទ្ធិរួចហើយ និងមួយហិកតាទៀត ស្ថិតក្នុងប្លង់កម្មសិទ្ធិរបស់លោកស្រីផ្ទាល់ តែលោកស្រីនឹងកាត់ដីនេះទៅឲ្យក្មួយស្រី នៅពេលដែលគណកម្មាការសុរិយោដីចុះវាស់វែងធ្វើប្លង់ដីជាប្រព័ន្ធ។ តែនៅពេលដែលការវាស់វែងធ្វើប្លង់បានមកដល់ ក្មួយស្រី អ៊ុំ វន្នី ហៅ ជា មិនព្រមមក តាមកាអញ្ជើញរបស់លោកស្រី ដើម្បីកំណត់ព្រំដី ដែលត្រូវកាត់ជូន គាត់នោះឡើយ។ ដោយឡែកការអនុញ្ញាតអោយមានការសង់ផ្ទះ និងបញ្ជុះធាតុឳពុកម្តាយរបស់ក្មួយស្រី អ៊ុំ វន្នី នៅលើដីនោះ គឺដោយសារដីចំណែកនោះនឹងកាត់ជូនដល់គាត់ធ្វើជាកម្មសិទ្ធ។
ទាក់ទងទៅនឹងដីមានទំនាស់នេះ ឯកឧត្តម សុទ្ធ ឃុនថាល់ សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន និងជាម្ចាស់ដីដែលមានព្រំជាប់គ្នាជាមួយដីលោកស្រី អ៊ឹត យុត នេះបានបញ្ជាក់អះអាងថា ដីនេះពិតជាដីរបស់លោកស្រី អ៊ឹត យុត មែន តែត្រង់លោកស្រីអ៊ឹត យុត បានបែងចែកទៅអោយអ្នកណា គាត់មិនបានដឹងទេ ដោយនេះជាសិទ្ធរបស់គាត់។
លោក ជា ជ័យ មេភូមិបតាំងស៊ូ ដែលពីដើមឡើយធ្លាប់មកស៊ីឈ្នួលដឹកស្រូវ អោយលោកស្រី អ៊ឹត យុត នៅលើដីនេះ បានអះអាងដែរថា ដីនេះជាដីរបស់លោកស្រី អ៊ឹត យុត យ៉ាងពិតប្រាកដ មិនមែនជាដីរបស់ ប្អូនថ្លៃគាត់ឈ្មោះ អ៊ុ សារិទ្ធ និង ឈ្មោះ កែវ វណ្ណា ដែលជាឪពុកម្តាយរបស់ អ៊ុ វន្នី ហៅ ជា នោះទេ ដោយពួកគាត់ជាប្អូនថ្លៃរបស់លោកស្រី អ៊ឹត យុត និងជាអ្នកដែលមកសុំអាស្រ័យផលនៅលើដីនេះ នៅពេលក្រោយៗមកទៀតតែប៉ុណ្ណោះ។
ដោយឡែក លោក ស៊ឹម សុផាត អ្នកភូមិបតាំងស៊ូម្នាក់ ក៏បានបញ្ជាក់ផងដែរថា ដីនេះពិតជាដីរបស់លោកស្រី អ៊ឹត យុត ប្រាកដមែន ព្រោះគាត់ធ្លាប់ទទួលការអនុញ្ញាតិពីលោកស្រី អ៊ឹត យុត មករុះរើព្រៃដែលកាប់រួចហើយ ដើម្បីដាំស្រូវនៅលើដីនេះដែរ។
សូមបញ្ញាក់ថា កាលពីថ្ងៃទី១៤ ខែកម្ពៈ ឆ្នាំ២០២២ នេះ ក្មួយស្រីសាច់ថ្លៃរបស់របស់លោកស្រី អ៊ឹត យុត ឈ្មោះ អ៊ុ វន្នី ហៅ ជា អាយុ ២៥ឆ្នាំ ប្តីឈ្មោះ ឈាង ចន្ទា អាយុ ២៧ ឆ្នាំ បានប្ដឹងទៅអាជ្ញាធរឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយចោទថា អ៊ុសាច់ថ្លៃរបស់ខ្លួន បានធ្វើផ្លង់កម្មសិទ្ធយកដីរបស់ខ្លួន ក្រោយឪពុកម្ដាយស្លាប់បាត់ទៅ។ ស្ត្រីឈ្មោះ អ៊ុ វន្នី ហៅ ជា បាននិយាយរៀបរាប់ថា ៖ អស់រយ:ពេលជាង២០ឆ្នាំមកហើយ ដែលឪពុកម្តាយរបស់នាង បានចូលមកស្នាក់អាស្រ័យនៅក្នុងទឹកដីខេត្តប៉ៃលិន ពោលគឺតាំងពីនាងនៅកុមារភាពអាយុប្រហែល៦ឆ្នាំម្លេះ ដោយនៅពេលនោះឪពុករបស់នាងបានកាប់ឆ្កាព្រៃចំការមីននៅក្បែរ ដីរបស់លោកស្រី អ៊ិត យុត ដែលត្រូវជាបងថ្លៃរបស់គាត់ រួចក៏ចាប់ផ្តើមដាំត្រប់ ម្ទេស ដាំអំពៅ ដំាពោត សណ្តែក និងដំឡូងមី ក៏មានដាំស្រូវផងដែរ។ ក្រោយពីឪពុកម្តាយរបស់ខ្លួនស្លាប់បន្តបន្ទាប់គ្នានៅឆ្នាំ២០១៦ ស្រាប់តែអ៊ុស្រី អ៊ិត យុត បានអះអាងថា ដីខាងលើជាដីរបស់គាត់ ខណ:ដែលឪពុកម្តាយរបស់នាងតែងតែផ្តាំមុនពេលពួកគាត់ស្លាប់ ឱ្យខិតខំប្រឹងប្រែងថែទាំដំណាំស្វាយកែវរមៀត ដើម្បីបានផ្លែលក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ស្រ្តីឈ្មោះ អ៊ុ វន្នី ក៏បានបន្តទៀតថាៈ ឪពុកម្តាយរបស់ ខ្លួនក៏បានចាក់សង់គ្រឹះផ្ទះរឹងមាំនៅលើដីរបស់ខ្លួន ថែមទាំងក្រោយពេលទទួលមរណភាព ធាតុរបស់ពួកគាត់ក៏បានយកទៅបញ្ចុះនៅលើដីរបស់ខ្លួនដែរ បើសិនជាដីខាងលើជារបស់អ៊ុស្រី អ៊ឹត យុត មែន គឺ គេមិនព្រមនោះឡើយ។
បើតាមការរៀបរាប់ពីសាក្សី ឈ្មោះ ង៉ែត វ៉ិត ភេទប្រុស អាយុ៥៦ឆ្នាំ ឈ្មោះ ងួន ម៉េត ភេទប្រុស អាយុ៤៨ឆ្នាំ ឈ្មោះ តុប រ៉ន ភេទប្រុស អាយុ៦៦ឆ្នាំ ឈ្មោះ ចាន់ធឿន អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ៖ ដីខាងលើនេះ គឺឪពុកម្តាយរបស់ក្មួយស្រីខាងលើជាអ្នកដាំបន្លែ និងដាំពោត ដំឡូងមី ក្រោយមក ក៏ដាំដំណាំស្វាយកែវរមៀតតែម្តង។ ពួកគាត់បន្តទៀតថា បើសិនជាដីរបស់លោកស្រី អ៊ឹត យុត មែន កាលពីពួកគាត់នៅរស់ គឺមិនមានសិទ្ធិជួលដើមស្វាយឱ្យឈ្មួញនោះឡើយ។ ម្យ៉ាងវិញទៀត ដីខាងលើនេះ គឺគ្រួសារឪពុកម្តាយរបស់ក្មួយស្រីខាងលើជាអ្នកគ្រប់គ្រងជាយូរណាស់មកហើយ ពោលគឺកាលពីពួកគាត់នៅរស់គ្មានអ្នកណារករឿងនោះទេ លុះពេលពួកគាត់ស្លាប់អស់ ស្របពេលដីឡើងថ្លៃ ក៏ធ្វើប្លង់យកធ្វើជាកម្មសិទ្ធិតែម្តង៕ ដោយៈ AKP ប៉ៃលិន