ប៉ៃលិន៖ ល្ងាចថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២២ លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួម ពិធីបុណ្យសព និងបូជាសព លោក ទុំ សុង អតីតអនុប្រធានមន្ទីរ ព័ត៌មានខេត្តប៉ៃលិន និងនាំយកថវិកាផ្ទាល់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូនដល់គ្រួសារសពផងដែរ ។
លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានមានប្រសាសន៍នាំយក បណ្តាំផ្ញើចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារសព របស់ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ចំពោះការបាត់បង់ ស្វាមី លោកឪពុក និងជីតា ដ៏មានព្រហ្មវិហារធម៌ ក្នុងការចិញ្ចឹមបីបាច់ កូនប្រុស កូនស្រី ធំធាត់ ប្រកបដោយ សុខភាពមាំមួន នឹងរៀនសូត្រ បានខ្ពង់ខ្ពស់ នឹងក្លាយជាធនធានដ៏មានតម្លៃ មួយក្នុងប្រទេសជាតិ ជាពិសេសលោក ទុំ សុង ក៏ធ្លាប់មានស្នាដៃដ៏ឆ្នើមមួយរូបក្នុងវិស័យព័ត៌មាន ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តប៉ៃលិន ក៍បានសំដែងនូវការសោកស្តាយជាទីបំផុតចំពោះការបាត់បង់ លោក ទុំ សុង ដែលជាថ្នាក់ដឹកនាំដ៏ល្អ និងជាចលករយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់វិស័យព័ត៌មានខេត្តប៉ៃលិន អោយមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ហើយសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត និង ថែរក្សាសុខភាព អោយបានល្អ ដើម្បីជាសផុតពីជម្ងឺឈឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩ ដោយត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពផ្ទាល់ខ្លួន ក៍ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការការពាររបស់សម្តេចតេជោ គឺ «៣ ការពារ និង ៣ កុំ »។
ជាការឆ្លើយតប ក្រុមគ្រួសារសព លោក ទុំ សុង ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត គ្រប់ជាន់ថ្នាក់ ដែលបានគិតគូខ្ពស់ពីសុខទុក្ខរបស់គ្រួសារមន្ត្រីរាជការ ដោយបានចូលរួមរំលែកទុក្ខ និងចូលរួមឧបត្ថម្ភជាថវិកា ព្រមទាំងសម្ភារៈ និងសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា៖ លោក ទុំ សុង ជាអតីតអនុប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និងបច្ចប្បន្នជាសមាជិកក្រុមប្រឹក្សាស្រុកសាលាក្រៅ បានទទួលមរណភាពនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នំា ២០២២ វេលាម៉ោង ៦៖១៥នាទីល្ងាច ក្នុងជន្មាយុ ៦៥ឆ្នំា ដោយរោគាពាធ ៕