រាជធានីភ្នំពេញ ៖ ក្រោយពីដឹងលទ្ធផលក្នុងការចាប់ពូល គឺបានបង្ហាញហើយថា ក្រុមជម្រើសជាតិកម្ពុជា បានស្ថិតក្នុងពូលD ដោយក្រុមត្រូវឈរក្នុងក្រុមជាមួយឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន ។ ជាមួយនឹងការបង្ហាញក្រុមច្បាស់លាស់ ដែលកម្ពុជានឹងត្រៀមប្រឈមនេះ ក្រុមជម្រើសជាតិរបស់កម្ពុជា ថ្វីដ្បិតតែមិនហ៊ានបង្ហាញជំនឿចិត្តខ្ពស់ តែក៏បានបង្ហាញការតាំងចិត្តសម្រាប់ការត្រៀមខ្លួនផងដែរ។
យោងតាមការចាប់ពូល កម្ពុជា បានក្លាយជាក្រុមមួយស្ថិតនៅពូល D ជាមួយ ឥណ្ឌា ហុងកុង និង អាហ្វហ្គានីស្ថាន សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup China 2023 ក្នុងវគ្គជម្រុះ Qualifiers (Final Round) ដែលក្រុមប្រទេសដែលកម្ពុជាស្ថិតនៅនេះ មើលទៅក៏មិនងាយស៊ីស្រួលនោះដែរ ជាពិសេសគឺក្រុមឥណ្ឌា និង ក្រុមអាហ្គានីស្ថាន គឺរឹតតែមិនងាយទប់ទល់។ ការកំណត់ពូលនេះ គឺបានធ្វើឡើងតាមរយៈលទ្ធផលចាប់ឆ្នោត កាលពីថ្ងៃ២៤ កុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
យ៉ាងណាមិញ នេះគ្រាន់តែជាការចាប់ពូលប្រកួត ដើម្បីជម្រុះក្រុមប្រទេសឆ្ពោះទៅរកការប្រកួតវគ្គបន្តប៉ុណ្ណោះ ដោយប្រទេសដែលឈ្នះបានឡើងប្រកួតបន្ត ហើយប្រទេសដែលធ្លាក់គឺបាត់ឱកាស។ ការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី ដែលមានឈ្មោះថា AFC Asian Cup China 2023 Qualifiers (Final Round) នេះក៏ជាព្រឹត្តិការណ៍បាល់ទាត់ដ៏សំខាន់ផងដែរ សម្រាប់ក្រុមប្រទេសនៅអាស៊ី ដោយព្រឹត្តិការណ៍នេះនឹងជម្រុះយកតែក្រុមខ្លាំង២៤ក្រុម ឬ ២៤ ប្រទេស អោយចូលរួមប្រកួត ហើយក្រុមទាំង២៤ ត្រូវបានចែកចេញជា៦ពូល ហើយក្នុងមួយពូល គឺមាន៤ប្រទេស។
ការប្រកួតនេះ ក៏ធំមិនអន់ជាងការប្រកួតបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបផងដែរ តែមានភាពតានតឹងជាង ការប្រកួតនៅទ្វីបអឺរ៉ុប ដោយសារតែក្រុមប្រទេសនៅទ្វីបអាស៊ីគឺមានច្រើនជាង ដែលតម្រូវអោយការប្រកួតជម្រុះគ្នាយ៉ាងម៉ត់ និង តានតឹងជាង។ នេះគឺមានន័យថា គឺជារឿងដ៏លំបាកបំផុត ដែលប្រទេសរហូតដល់ខ្ទង់រយប្រទេសនៅទ្វីបនេះ តែកំណត់យកតែ២៤ក្រុម អោយចូលតារាងប្រកួតជាក់ស្ដែង។ ក្រុមទាំង២៤ ដែលមានមុខឡើងប្រកួត គឺអាចនិយាយបានថា ពូតផង ចំរាញ់ផង កៀបយកតែទឹកផង ដោយមិនមែនមានឱកាសដោយស្រួលនោះទេ សម្រាប់ការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។
ដូច្នេះហើយ ទើបមិនទាន់ជាឱកាសរបស់ក្រុមកម្ពុជានៅឡើយ ដោយសូម្បីតែក្រុមថៃ និង វៀតណាម ដែលមានការទទួលស្គាល់ថាខ្លាំងនៅក្នុងតំបន់នោះ ក៏មិនទាន់មានមុខសម្រាប់ព្រឹត្តិការណ៍នេះ។ យ៉ាងណាមិញ ក្រុមប្រទេសជាដៃគូក៏មិនសូវហ៊ានមើលស្រាលចំពោះក្រុមកម្ពុជាដូចមុនទៀតដែរ ព្រោះមុនពេលកម្ពុជា មានវត្តមានមកដល់វគ្គចែកពូលនៅក្នុងពេលនេះ ក៏បានឆ្លងកាត់ជ័យជម្នះខ្លះៗរួចមកហើយ ដែលមានន័យ គឺបានសាងភាពខ្លាំងក្នុងការជម្រុះកន្លងមករួចមកហើយ ដោយមិនមែនជាក្រុមខ្សោយខ្លាំងដូចមុនទៀតឡើយ។
ក្រោយការចែកពូល ការប្រកួតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨, ១១, ១៤ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា ក្នុងទីក្រុងCalcutta ។ បានន័យថា ឥណ្ឌា គឺជាម្ចាស់ផ្ទះ សម្រាប់ពូលD ហើយក្រុមប្រទេសក្នុងពូលផ្សេង គឺមានប្រទេសផ្សេងធ្វើជាម្ចាស់ផ្ទះដោយឡែកៗ។ នេះគឺជាការប្រកួតជម្រុះដំណាក់កាលសំខាន់មួយ ដោយមានតែប្រទេសដែលមានពិន្ទុលេខ១ និង លេខ២ ក្នុងពូលប៉ុណ្ណោះ ទើបបានឡើងទៅប្រកួតក្នុងវគ្គបន្ត ក្នុងការស្វែងរកក្រុមខ្លាំងបន្ត។
ការប្រកួតនៅក្នុងពូលផ្សេងទៀត ដោយមាក៏ត្រូវប្រកួតនៅប្រទេសឥណ្ឌានេះ ក្រុមកម្ពុជាបានប្រកាសពីការត្រៀមខ្លួនរួចហើយ ដោយទោះជាមិនហ៊ានសង្ឃឹមខ្ពស់ តែបានសន្យាថានឹងធ្វើអោយបានល្អបំផុតសម្រាប់ការប្រកួតនៅក្នុងប្រទេសឥណ្ឌានោះ។ ក្នុងនោះការហ្វឹកហាត់ពង្រឹងកម្លាំង ក៏ត្រូវបានធ្វើយ៉ាងប្រុងប្រយ័ត្នផងដែរ ដោយក្រុមគ្រូបង្វឹក ក៏បានជំរុញអោយកីឡាករឆ្នើមៗ ថែទាំសុខភាពក្នុងដំណាក់កាលកូវីត១៩បន្តផ្ទុះឡើងនៅក្នុងពេលនេះ ដើម្បីកុំអោយដល់ថ្ងៃចេញប្រកួតមានករណីបាត់បង់កីឡាករល្អរូបណា សម្រាប់ការប្រកួតដ៏សំខាន់នេះ។
សម្រាប់វគ្គជម្រុះពូលជុំចុងក្រោយនេះ គឺសម្រេចយកក្រុមលេខ១ ក្នុងពូល និងក្រុមលេខ២ល្អចំនួន៥ ឡើងទៅលេងវគ្គបន្ត។ គួរបញ្ជាក់ថា កម្ពុជា បានឡើងទៅវគ្គជម្រុះក្នុងពូលជុំចុងក្រោយ បន្ទាប់ពីបានយកឈ្នះ កោះហ្គាំ ទាំង២ជើង កាលពីខែតុលា ឆ្នាំ២០២១ ៕