តម្លៃម្រេចដើមឆ្នាំ២០២២មានទីផ្សារល្អធ្វើឱ្យកសិករនៅខេត្តមណ្ឌលគិរីមានក្តីរំពឹងខ្ពស់ នឹងអាចមានលទ្ធភាពបន្តការថែទាំដំណាំរបស់ខ្លួន ខណៈដែលកសិករមួយចំនួនបានបោះបង់និងកាប់ម្រេចចោល ដោយសារប៉ុន្មានឆ្នាំនេះតម្លៃម្រេចធ្លាក់ចុះយ៉ាងគំហុក ។
កសិករដាំម្រេចនៅស្រុកពេជ្រាដាបានឲ្យដឹងថា ម្រេចរបស់គាត់ឆ្នាំនេះបានទិន្នផលល្អ ដោយអាចប្រមូលផលបានក្នុងមួយជន្លង់ចាប់ពីមួយទៅមួយគីឡូក្រាមកន្លះ សម្រាប់ម្រេចស្ងួត។
កសិករបន្តថា គាត់ស្ទើរតែបោះបង់មុខរបរនេះចោលទៅហើយ ព្រោះតែបញ្ហាតម្លៃធ្លាក់ចុះខ្លាំងពេក ពោលបានត្រឹមមួយគីឡូក្រាម៦ពាន់ទៅ៧ពាន់រៀលប៉ុណ្ណោះ ក្នុងគីឡូក្រាមស្ងួត។ តម្លៃនេះមិនអាចឆ្លើយតបទៅនិងការចំណាយ លើថ្លៃថែទាំ កម្លាំងពលកម្មឡើយ គឺតែងតែខាតថ្លៃដើមជានិច្ច។
តែដោយសារបច្ចុប្បន្ននេះចំការម្រេចមានចំនួនថយចុះ ព្រោះម្ចាស់ចំការបានប្តូរទៅដាំដុះណាំផ្សេងវិញ ដូច្នេះ ធ្វើឲ្យឈ្មួញតម្លើងថ្លៃម្រេចជាងឆ្នាំកន្លងមកទ្វេរមួយជាពីរ។ លោកពលះ ថៅកែទិញម្រេចនៅខេត្តមណ្ឌលគិរីបានឲ្យដឹងថា ឆ្នាំនេះតម្លៃម្រេចបានហក់ឡើងខ្ពស់ជាងឆ្នាំ២០២១ ដោយម្រេចស្ងួតលោកទទួលទិញពីកសិករមួយគីឡូក្រាមតម្លៃ ១៥ ២០០៛ សម្រាប់ម្រេចស្ងួត។
លោកពលះ ថា កាលឆ្នាំ២០២១ ម្រេចមានតម្លៃត្រឹម៦ ៨០០៛ ទៅ៧ ០០០៛ តម្លៃនេះគឺលោកបានចុះទិញដល់ចំការតែម្តង។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឲ្យដឹងថា ផ្ទៃដីដាំដុះដំណាំម្រេចនិងប្រមូលផលសរុប១ ៣០១ហិកតា ទទួលបានបរិមាណផលសរុប៣៥២០តោន ហើយតម្លៃ ១៥ ០០០រៀលសម្រាប់ម្រេចល្អ ៕