ខេត្តកំពង់ស្ពឺ ៖ ថ្មលយ គឺជាគោលដៅទេសចរណ៍មួយកន្លែងនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលមានថ្មដុះធម្មជាតិ មានទេសភាពព្រៃឈើធម្មជាតិ និងសត្វព្រៃដែលជាទីទាក់ទាញទេសចរណ៍ ។ នៅតំបន់ថ្មលយ មានផ្ទាំងថ្មធំៗដុះលយចេញទៅមាត់ជ្រោះដែលអ្នកទេសចរអាចឈរកម្សាន្ត ឬថតរូបទេសភាពព្រៃភ្នំដ៏ស្រស់ស្អាតពីទីកន្លែងនេះបានយ៉ាងសប្បាយរីករាយ ។
នៅទីកន្លែងនេះ គឺជាប់នឹងមាត់ជ្រោះ ដែលជាប់នឹងជ្រលងភ្នំ ។ កាលបើគេបានឈរលើថ្មលយ នេះនឹងបានឃើញទិដ្ឋភាពដ៏ប្លែកភ្នែក ទទួលបានមានអារម្មណ៍ស្ញើប រំភើប ប៉ុន្តែគ្រប់គ្នាមិនក្លាចនឹងឈរស្រូបខ្យល់អាកាសត្រជាក់ បរិសុទ្ធ និងថតរូបទុកជាអុន្សាវរីយ៍នោះឡើយ ។ ថ្មលយ មានកម្ពស់ពីលើកំពូលភ្នំទៅក្រោម ប្រហែលជិត ១៥០ ម៉ែត្រដូច្នេះគ្រប់គ្នាមិនគួរធ្វេសប្រហែសឈរថតរូបភ្លេចខ្លួននោះទេ ។
លោក ឃិនម៉េង ឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ នេះមានតំបន់ទាក់ទាញដែលជាគោលដៅទេសចរណ៍ធម្មជាតិច្រើនកន្លែង ។ ចំណុចសំខាន់នៅក្នុងឧទ្យានជាតិមួយកន្លែងនេះមានព្រៃស្រោង មានភ្នំខ្ពស់ៗដោយកន្លែងខ្លះមានកម្ពស់រហូតដល់ ៧០០ ម៉ែត្រ ។
មានព្រៃឈើដែលផ្តល់ភាពត្រជាក់សម្រាប់កន្លែងទេសចរណ៍ មានអេកូទេសចរណ៍ ។ ក្រៅពីតំបន់ព្រៃស្រោងនៅមានតំបន់គួរជាទីទាក់ទាញច្រើនកន្លែងទៀតដូចជាតំបន់ថ្មលយនេះគឺជាទីកន្លែងទេសចរណ៍ថ្មដុះបែបធម្មជាតិ ។ ទីនេះមានទេសភាពស្រស់ស្អាត មានព្រៃស្តុក មានអាកាសធាតុត្រជាក់ ហើយនៅទីកន្លែងនេះក៏មានសត្វព្រៃ ពិសេសសត្វរមាំង សត្វកេងកង ជាដើម ។
ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងដែរថាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ នៅមានទឹកធ្លាក់ ដែលជាគោលដៅវិនិយោគឯកជន និងកាលពីថ្មីៗមកនេះក៏មានការស្នើសុំវិនិយោគលើវិស័យទេសចរណ៍ធម្មជាតិខ្នាតតូច ដែលមានទំហំដីក្រោម ១០ ហិកតា ហើយពេលនេះកំពុងបំពេញនីតិវិធីច្បាប់ដើម្បីអនុវត្តគម្រោង ។
សូមជម្រាបថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ បើអ្នកទេសចរចង់ធ្វើដំណើរទៅកាន់ទៅកាន់ថ្មលយ ត្រូវធ្វើដំណើរចេញពីរង្វង់មូលនាគព័ន្ធ ឆ្លងកាត់ព្រៃស្រល់ដ៏ស្រស់ស្អាតជាច្រើនកន្លែងដែលប្រកបដោយទេសភាពព្រៃឈើគួរជាទីមនោរម្យ ។ បើនៅខែវស្សាផ្លូវពិបាកចេញចូលគេអាចធ្វើដំណើរដោយថ្មើជើង លើចម្ងាយផ្លូវជិត ៥ គីឡូម៉ែត្រ តែបើខែប្រាំងគេអាចធ្វើដំណើរតាមរយៈម៉ូតូ ឬរថយន្ត ទៅជិតដល់ថ្មលយនោះបានតែម្តង ៕