ភ្នំពេញ៖ គណៈកម្មការជំនាញ CAMSOC បានអះអាងថា កម្ពុជានឹងត្រូវបានប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះស៊ីហ្គេម ប្រគល់ទង់ស៊ីហ្គេម អោយជាផ្លួវការ នៅថ្ងៃទី២៣ ឧសភា ជាកំណត់ គឺជាថ្ងៃបិទបញ្ចប់ស៊ីហ្គេម នៅវៀតណាមតែម្ដង។ ពេលទង់នេះ ត្រូវបានមកដល់កម្ពុជា នឹងត្រូវមានពិធីអបអរជាច្រើនទៀត ដើម្បីអោយស័ក្តិសមនឹងឱកាស ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។
ក្នុងនោះ កម្ពុជាក៏ត្រូវទទួលទង់ប៉ារ៉ាស៊ីហ្គេម ដែលជាការប្រកួតស៊ីហ្គេម សម្រាប់ជនពិការពីប្រទេសឥណ្ឌូនេស៊ីផងដែរ ទើបត្រូវធ្វើពិធីទទួល ២ដង តែមិនទាន់ច្បាស់ថា តើត្រូវធ្វើពិធីអបអររួមគ្នា ឬធ្វើដោយឡែកពីគ្នានោះទេ។
យ៉ាងណាមិញ ថ្នាក់ដឹកនាំកីឡា លើកឡើងថា ការត្រៀមខ្លួនទទួលទង់ទាំងពីរ ក៏ត្រូវរៀបចំច្រើនផងដែរ ទាំងការដឹកនាំប្រតិភូ ទៅទទួលដល់វៀតណាម និងឥណ្ឌូនេស៊ី ព្រមទាំងការរៀបចំក្បួនផ្សេងៗ ដើម្បីស្វាគមន៍ ពេលទង់មកដល់។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) មានប្រសាសន៍ថា ក្រៅពីការត្រៀមក្រុមប្រតិភូ គណៈកម្មការជំនាញរបស់ខ្លួន ត្រៀមទទួលទង់ស៊ីហ្គេម លើកទី៣១ ពីម្ចាស់ផ្ទះវៀតណាម គឺក្រុមប្រតិភូ គណៈកម្មការជំនាញអាស៊ានប៉ារ៉ាហ្គេមកម្ពុជា ក៏នឹងត្រៀមចូលរួមប្រកួត និងទទួលទង់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសឥណ្ឌណេស៊ី នាខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា «នេះជាការត្រៀមខ្លួនរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាកម្រិតអាស៊ាន ទាំងស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនេះ»។ បន្ទាប់ពីទទួលទង់ស៊ីហ្គេម លើកទី៣១ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅក្នុងពិធីបិទជាផ្លូវការ ពីម្ចាស់ផ្ទះ វៀតណាម គឺកម្ពុជានឹងរៀបចំក្រុមប្រតិភូមួយទៀត ដើម្បីទៅចូលរួមទទួលទង់អាស៊ានប៉ារ៉ាហ្គេម ពីម្ចាស់ផ្ទះ ឥណ្ឌណេស៊ី ដើម្បីបើកទទួលការស្វាគមន៍បណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ មកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ថា ការលុបចោលចំនួន ២ព្រឹត្តិការណ៍នេះ គឺជាក្តីបារម្ភរបស់អាស៊ាន ដែលអត្តពលិកពិការ រួមទាំងគណៈកម្មការបច្ចេកទេស មិនបានដុសខាត់សមត្ថភាពជំនាញរបស់ខ្លួន ព្រមទាំងជះឥទ្ធិផលមិនល្អ ដល់គុណភាពបច្ចេកទេសរបស់អត្តពលិក ក្នុងតំបន់ផងដែរ។ នៅក្នុងការប្រកួតកីឡាជនពិការអាស៊ាន លើកទី១១ ដែលគ្រោងនឹងរៀបចំឡើងវិញនេះ កម្ពុជាក៏នឹងអាចចូលរួមប្រកួតប្រជែង ក្នុងការកសាងសមត្ថភាពបន្ថែម ត្រៀមឆ្ពោះទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ បានកាន់តែល្អប្រសើរផងដែរ។
ឯកឧត្តម យី វាសនា អះអាងថា បច្ចុប្បន្នកីឡាករ កីឡាការិនីពិការកម្ពុជាកំពុងហ្វឹកហាត់បិទខ្ទប់បានច្រើនប្រភេទកីឡាដែរ ក្រោមការទំនុកបម្រុងពីក្រសួងអប់រំ យុវ ជន និងកីឡា ហើយប្រសិនបើនៅក្នុងឆ្នាំ២០២២នេះ មានការប្រកួតអន្តរជាតិកាន់តែច្រើន នោះការត្រៀមខ្លួនរបស់ប្រភេទកីឡាពិការ សម្រាប់ការធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក៏មានឱកាសកាន់តែច្រើន ក្នុងការប្រជែងមេដាយ ព្រមទាំងផ្តល់បទពិសោធន៍កាន់តែច្រើន សម្រាប់មន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេសពិការផងដែរ។ «ដូច្នេះវាពិតជាសំខាន់ណាស់ ដែលកម្ពុជាគាំទ្រពេញទំហឹងឱ្យមានការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ីនេះ ដើម្បីគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណ២សប្តាហ៍»។
គួររំឭកថា តាមពិតការរៀបចំធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ត្រូវដល់វេនម្ចាស់ផ្ទះ វៀតណាម ដែលរៀបចំបន្តបន្ទាប់ពីបញ្ចប់ស៊ីហ្គេម ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យវៀតណាម ទទួលរៀបចំធ្វើតែស៊ីហ្គេមប៉ុណ្ណោះ។
ដោយសារតែស្ថានភាពការខកខាននៃការប្រកួតកីឡាជនពិការនេះ ត្រូវបានលុបចោលពីរលើក កាលពីឆ្នាំ២០១៩ ដោយម្ចាស់ផ្ទះ នៅហ្វីលីពីន និងខកខានម្តងទៀត នៅប្រទេសវៀតណាមនេះ ទើបធ្វើឲ្យសហព័ន្ធកីឡាជនពិការអាស៊ាន បង្ហាញកង្វល់ជាខ្លាំង ដោយការលុបចោលនេះ ធ្វើឲ្យបាត់បង់គុណភាពសមត្ថភាពរបស់ក្រុមអត្តពលិកអាស៊ាន៕