នៅទីបំផុត ព្រះពុទ្ធបដិមាដ៏ធំ ដែលបានដាប់ឆ្លាក់ដោយស្នាដៃជាងចម្លាក់ខ្មែរ នៅលើផ្ទាំងថ្មពិតៗ នៅភ្នំសំពៅ នាទឹកដីខេត្តបាត់ដំបង ត្រូវបានលេចចេញជារូបរាង សាងសង់ជិតរួចរាល់ជាស្ថាពរហើយ ។ ស្ថិតក្នុងស្រុកបាណន់ ទីតាំងព្រះពុទ្ធបដិមាមួយនេះ មានចម្ងាយប្រមាណជា ១២ គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងបាត់ដំបង ។
គួរឱ្យដឹងផងដែរថា ព្រះពុទ្ធបដិមានេះ ចាប់ផ្ដើមកសាងឡើងតាំងពីឆ្នាំ ២០០២ មកម៉្លេះ ដែលឆ្លាក់ជាទម្រង់ព្រះពុទ្ធពែនភ្នែន ព្រមទាំងបានកំណត់ រយៈពេលនៃការកសាងចំនួន ៧ ឆ្នាំ ផងដែរ ។ ប៉ុន្តែក្រោយមកការកសាងត្រូវបានផ្អាកមួយរយៈដោយសារតែ ការដាប់ឆ្លាក់មានការលំបាក ព្រោះថ្មភ្នំសំពៅមានការផុយស្រួយ។ ដោយឡែក ចំពោះការសាងសង់ ព្រះពុទ្ធបដិមា ដ៏ស្រស់ស្អាតនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២១ នេះតែម្ដង ។
នាពេលថ្មីៗនេះ បើតាមរូបភាពដែលបង្ហោះដោយគណនីមួយ ដែលមានឈ្មោះថា « បាត់ដំបងស្រុកកំណើតខ្ញុំ » បានឱ្យដឹងថា មកទល់ពេលនេះ ព្រះបដិមាមួយអង្គខាងលើ ដែលស្ថិតនៅភ្នំសំពៅនោះ គឺសាងសង់ជិតរួចរាល់ជាស្ថាពរហើយ ដែលរំលេចរូបរាងត្រដឹមត្រដែត ថ្លៃថ្លា គួរជាទីគោរពនមស្សការក្រៃលែង ។ មិនតែប៉ុណ្ណោះ ថែមទាំងទាក់ទាញភ្ញៀវទេសចរមិនថា ពុទ្ធសានិក ឫក៏សាសនានិកជនដទៃនោះទេ សុទ្ធតែចង់ទៅទស្សនាកម្សាន្ត។ យ៉ាងណាមិញ ក្រោយការសាងសង់ព្រះបដិមាដ៏អស្ចារ្យមួយនេះ រួចរាល់ជាស្ថាពរ នឹងដាក់បើកឱ្យដំណើរការជាផ្លូវការផងដែរ៕