ការសិក្សាមួយបានលើកឡើងថា អ្នកដែលឆ្លងកូវីដ១៩ ទំនងជាបន្តទទួលរងនូវជំងឺបាក់ទឹកចិត្តនិងការថប់បារម្ភ។
អ្នកជំនាញបាននិយាយថា ការស្រាវជ្រាវនេះមានការគាំទ្រពីលទ្ធផលរកឃើញពីមុន ប៉ុន្តែក៏មានការតាមដានយ៉ាងយូរជាមួយមនុស្សអស់រយៈពេលមួយឆ្នាំផងដែរ។
អ្នកស្រាវជ្រាវអាម៉េរិកបានមើលទិន្នន័យសម្រាប់មនុស្ស ១៥៣.៨៤៨ នាក់ដែលបានឆ្លងកូវីដ ហើយបានប្រៀបធៀបពួកគេជាមួយនឹងមនុស្សជាង ៥៦០.០០០នាក់ដែលមិនមានប្រវត្តិឆ្លងកូវីដនិងក្រុមមនុស្សដែលមានការត្រួតពិនិត្យដ៏ធំបន្ថែមទៀតមុនពេលមានជំងឺរាតត្បាត។
លទ្ធផលបានបង្ហាញថា កូវីដ១៩ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃបញ្ហាសុខភាពផ្លូវចិត្ត រួមទាំងការថប់បារម្ភ ការបាក់ទឹកចិត្ត ការប្រើប្រាស់សារធាតុញៀននិងបញ្ហានៃការគេងមិនលក់រហូតដល់មួយឆ្នាំបន្ទាប់ពីការឆ្លងមេរោគកូរ៉ូណា។
បើប្រៀបធៀបជាមួយនឹងក្រុមដែលមិនឆ្លងសោះ អ្នកដែលមានកូវីដ១៩បានបង្ហាញហានិភ័យខ្ពស់នៃការធ្វើរោគវិនិច្ឆ័យឃើញបញ្ហាសុខភាពផ្លូវចិត្ត ៦០ ភាគរយ ឬត្រូវការថ្នាំព្យាបាលសុខភាពផ្លូវចិត្តនៅចំណុចណាមួយក្នុងរយៈពេលមួយឆ្នាំ។
អត្រាថប់បារម្ភគឺខ្ពស់ជាង ៣៥ ភាគរយក្នុងចំណោមអ្នកដែលមានកូវីដ និង ៣៩ ភាគរយខ្ពស់ជាងសម្រាប់ជំងឺបាក់ទឹកចិត្ត។មនុស្សក៏មានទំនោរ៥៥ភាគរយក្នុងការប្រើថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តផងដែរ។
ការដែលមានកូវីដមានន័យថាមនុស្សបន្ថែម ២៤ នាក់ទៀតក្នុងចំណោម ១.០០០ នាក់មានបញ្ហាដំណេក ១៥ នាក់ទៀតក្នុងចំណោម ១.០០០ នាក់មានជំងឺបាក់ទឹកចិត្ត និង ៤នាក់ទៀតមានបញ្ហាប្រើប្រាស់សារធាតុញៀន។
អ្នកស្រាវជ្រាវរៀបចំការសិក្សានេះដោយប្រើទិន្នន័យពីក្រសួងកិច្ចការអតីតយុទ្ធជនអាម៉េរិក និង បានចេញផ្សាយស្នាដៃរបស់ខ្លួននៅក្នុងទស្សនាវដ្តី BMJ៕