កំពង់ស្ពឺជាខេត្តមួយស្ថិតនៅចម្ងាយប្រមាណជា ៤៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ សម្បូរទៅដោយតំបន់ខ្ពង់រាប និង ព្រៃភ្នំ បង្កើតបានជាទេសភាពស្រស់ស្អាតជាច្រើន កំពុងតែបង្ហាញវត្តមានជាបន្តបន្ទាប់នៅតាមតំបន់ទេសចរ និង រមណីយដ្ឋាននានា ស័ក្តិសមបំផុតសម្រាប់ភ្ញៀវចូលទៅទស្សនាកម្សាន្ត ក្រោយរោគចង្រៃកូវីដ-១៩ ស្ងប់ស្ងាត់ ។
ដូចសព្វមួយដងថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំប្រិយមិត្តទៅស្គាល់កន្លែងកម្សាន្តមួយមានឈ្មោះ «ទំនប់ស្ទឹងតាសាល» ។ ស្ថិតនៅភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ «ទំនប់ស្ទឹងតាសាល» ដែលពីមុនប្រជាជននៅទីនោះច្រើនតែហៅថា «ទំបន់ឥណ្ឌា» ព្រោះទំនប់នេះសាងសង់ដោយជនជាតិឥណ្ឌា និង មានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រតែប៉ុណ្ណោះ ពីតំបន់រមណីយដ្ឋាន «ទេទឹកពុះ» ។
ជាទីកម្សាន្តមួយស្អាតប្លែកពីទីកម្សាន្តដទៃ មានព្រៃភ្នំហ៊ុមព័ទ្ធជុំវិញផ្ទៃបឹង អមទៅដោយដើមឈើងាប់នៅក្នុងបឹងឯណេះមួយ ឯណោះមួយ ឈរច្រូងច្រាងអើតចេញពីផ្ទៃទឹកបឹង ហាក់បីដូចជារង់ចាំភ្ញៀវទេសចរទាំងឡាយមកពីទីជិតឆ្ងាយ ឱ្យចូលទស្សនាកម្សាន្ត មិនថាជាលក្ខណៈ គូស្នេហ៍ ក្រុមការងារ ឬ ក្រុមគ្រួសារនោះទេ ។
បន្ថែមលើសពីនេះ ភ្ញៀវទេសចរក៏អាចងូតទឹក ជិះទូកស្ទូចត្រីលេងកម្សាន្ត គយគន់ថ្ងៃលិច គេងក្នុងតង់មើលផ្កាយនាពេលយប់ ឬ រៀបចំអាហារដោយខ្លួនឯងក៏បានដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានក្រុមសន្តិសុខភូមិចាំជួយការពារសុវត្ថិភាពភ្ញៀវគ្រប់ពេលវេលាផងដែរ ៕