នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តប៉ៃលិនសហការណ៍ជាមួយក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងវិស័យទេសចរណ៍ក្រោមអធិបតីយភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីលោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ សមត្ថកិច្ច អភិបាលរងក្រុងស្រុក អាជីវក សេវាករប្រមាណជាង៥៧នាក់ផងដែរ។
លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ តាមការអនុវត្តគោលនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនៅ តំបន់ប៉ៃលិនដែលជាអតីតសមរភូមិសង្រ្គាម ដោយមានឯកឧត្តម អ៊ី ឈាន ជាប្រតិបត្តិករដ៏ឆ្នើម និងជាសហការីចូលរួមធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលបានធ្វើអោយព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាពពេញលេញដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោកបានបន្តថា៖ នៅក្នុងវិស័យទេសចរណ៍ ស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធដ៏សំខាន់មិនអាចខ្វះបាន ដែលចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាពិសេសជំរុញការលើកលម្ពស់សិទ្ធិ តួនាទី តម្លៃស្រ្តី និងបង្កើនភាពអង់អាចដល់ស្រ្តីជាមន្រ្តីរាជការក្នុងក្រមខណ្ឌក្រសួង ស្ថាប័ន និងក្នុងនោះមានស្រ្តីមួយចំនួនប្រកបរបរក្នុងឧស្សាហ៍កម្មទេសចរណ៍ ដែលជាបុព្វហេតុកិច្ចការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ សំដៅអោយកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយចីរភាព ។ លោកអភិបាលរងខេត្តក៏បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ នៃមន្ទីរទេសចរណ៍ខេត្ត ដែលបានសហការជាមួយអង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារដោយភាពទទួលខុសត្រូវ អនុវត្តតាមច្បាប់ លិខិតបទដ្ឋាន ជាពិសេសការចង្អុលបង្ហាញពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ធ្វើអោយសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ខេត្តប៉ៃលិន។
លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ ក្រសួងទេសចរណ៍ ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ត្រី ក្នុងគោលដៅដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ស្របតាមទីផ្សារការងារក្នុងវិស័យទេសចរណ៍។ ហើយកិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីជាលក្ខណៈបុគ្គល និងជាលក្ខណៈក្រុមក្នុងវិស័យ ទេស ចរណ៍។ លោកជំទាវបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ជាយុទ្ធសាស្ត្រអាទិភាពនិងជាអភិក្រមមូលដ្ឋានដ៏សំខាន់។ ជាមួយគ្នានេះដែរការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សំដៅដល់ការកសាងសមត្ថភាពធនធានមនុស្ស ជាពិសេសស្ត្រី ដើម្បីចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍នៅក្នុងទីផ្សារការងារ ក៏ដូចជាបង្កើនសមត្ថភាពរបស់ស្ត្រីឱ្យចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបត់បែនប្រកបដោយភាពឆ្លាតវៃ ជាមួយនឹងការឈោងចាប់យកនូវបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យ ជាកត្តាឈានទៅពង្រឹងស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។ លោកជំទាវបានបន្ថែមទៀតថា៖ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ បើទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ក្រសួងនៅតែបន្តខិតខំតាមគ្រប់រូបភាព ដើម្បីជួយពង្រឹងភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលរយ:ពេលវែង-ខ្លី ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងស្របទៅតាមទីផ្សារការងារ និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងអាជីវកម្ម សេវាកម្ម ព្រមទាំងត្រៀមខ្លួនក្នុងការប្រែក្លាយទៅជាសហគ្រិនស្រ្តីក្នុងវិស័យទេសចរណ៍ថែមទៀតផង។ ជាចុងក្រោយនៃកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី ក៏បានផ្តាំផ្ញើដល់មន្ត្រីមន្ទីរទេសចរណ៍ខេត្តប៉ៃលិន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអនុវត្តឱ្យបានសកម្មប្រកបដោយប្រសិទ្ធភាពនូវ «វិធានសុវត្ថិភាពទេសចរណ៍» និង «នីតិវិធីប្រតិបត្តិស្តង់ដា SOP ក្នុងវិស័យទេសចរណ៍» សម្រាប់ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ដើម្បីបុព្វហេតុសុខភាពសាធារណៈ ភ្ញៀវទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ សំដៅធ្វើយ៉ាងណារក្សាបាននូវនិរន្តរភាពនៃការបើកសកម្មភាពទេសចរណ៍ឡើងវិញ ព្រមទាំងធានាបាននូវប្រសិទ្ធភាពនៃការចូលរួមអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង។
បើតាមរបាយការណ៍របស់លោក លឹម វាសនា ប្រធាមន្ទីរទេសចរណ៍ខេត្តបានអោយដឹងថា៖ រយៈពេលពីរខែដើមឆ្នាំ២០២២នេះខេត្តប៉ៃលិនបានទទួលភ្ញៀវទេសចរណ៍សរុបចំនួន ៣៣២១៧នាក់ បើប្រៀបធៀបទៅនឹងរយៈពេលពីរខែដើមឆ្នាំ២០២១ មានភ្ញៀវទេសចរណ៍សរុបចំនួន ២៩៥៤៦នាក់ ឃើញថាមានការកើនឡើង១២.៤២% ។ ហើយស្ថិតិមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្តមាន៖ សណ្ឋាគារមានចំនួន ១១កន្លែងស្មើនឹង ៨៦៦បន្ទប់ , ផ្ទះសំណាក់មានចំនួន ១៩កន្លែង ស្មើនឹង៥៣៦មន្ទប់ , ផ្ទះជួលមានចំនួន ៨៣កន្លែង ស្មើនឹង ១២៤បន្ទប់ , ភោជនីដ្ឋាន និងអាហារដ្ឋាន មានចំនួន៥៩កន្លែង ស្មើនឹង២៧៣០កៅអី ហើយមានខ្ចុះចំនួន ៥៧៣, ខារ៉ាអូខេមានចំនួន០៨កន្លែង ស្មើនឹង៤៩បន្ទប់ , ឌីស្កូតែកមានចំនួន ០១កន្លែង ស្មើនឹង៣២តុ , ម៉ាស្សាសុខភាពមានចំនួន០៥កន្លែង ស្មើនឹង១៩គ្រែ, កីឡាទេសចរណ៍មានចំនួន ១៤កន្លែង រួមមាន៖ ស្នុកឃ័រ០៤កន្លែង តារាបាល់ទាត់ចំនួន០៣កន្លែង ក្លឹបហាតើប្រាណចំនួន០២កន្លែង អាងហែលទឹក ០៤កន្លែង និងកីឡាស្គី០១កន្លែង និងរមណីយដ្ឋានចំនួន០៥កន្លែងដែលដំណើរការនិងមានសក្តានុពល។ ហើយវិស័យទេសចរណ៍ក្នុងខេត្តប៉ៃលិនបានផ្តល់ឱកាសការងារដោយផ្ទាល់សរុបចំនួន១៥៥៩នាក់ ក្នុងនោះស្រ្តីចំនួន ៩៨៧នាក់ និងដោយប្រយោលរាប់រយនាក់ផ្សេងទៀត៕