ទឹកធ្លាក់ឆាយរការ មានទីតាំងស្ថិតនៅចំកណ្តាលជួរភ្នំក្រវ៉ាញ មិនឆ្ងាយប៉ុន្មានពីទីប្រជុំជនឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ឡើយ។ យើងមានមោទនភាព នៅពេលដែលយើងបានទៅដល់ទឹកធ្លាក់ នៅក្នុងព្រៃជ្រៅមួយនេះ ដោយមានអ្នកនាំផ្លូវបានប្រាប់ថា ទឹកធ្លាក់មួយនេះ មានប្រជាជនក្នុងតំបន់មិនច្រើនទេដែលបានស្គាល់នោះ។
បើចង់ទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ឆាយរការ គឺត្រូវធ្វើដំនើរដោយម៉ូតូ ចេញពីអូរសោម ឆ្ពោះទៅទិសខាងត្បូង រហូតដល់ផ្លូវលំតូចមួយ ដែលនាំយើងចូលទៅក្នុងចំការចេក ហើយមិនយូរប៉ុន្មានផុតពីចំការចេក យើងត្រូវឆ្លងកាត់ឧបសគ្គជាអន្លើរៗ មានទាំង ផ្លូវចង្អៀត ផ្លូវចោតខ្លាំង ផ្លូវចុះល្បាក់ ផ្លូវរអិល មានថ្មរដិបរដុប និង ជាពិសេសគឺ សត្វទៀកតែម្តង។ ចំណាយពេលប្រហែលជាងមួយម៉ោងទើបយើងបានទៅដល់ ទឹកធ្លាក់ឆាយរការនោះ ដែលជាទីស្ងប់ស្ងាត់ នៅកណ្តាលព្រៃ។
ទឹកធ្លាក់ឆាយរកា មានកម្ពស់ប្រមាណជាង ២០ម៉ែត្រ (តាមការសង្កេត មិនប្រាកដនោះទេ) មានពីរដំណាក់។ ជាន់ខាងលើមានកម្ពស់ប្រមាណជា ៤ម៉ែត្រ មានទឹកធ្លាក់តិចៗ (រដូវប្រាំង) ហូរចាក់តាមថ្មរហូតដល់ជ្រោះជ្រៅ។ ផ្នែកខាងក្រោមទឹកធ្លាក់ មានអាងធំ ជម្រៅប្រហែល២ម៉ែត្រ ដែលយើងអាចចុះងូតទឹកបាន ៕