រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សា ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាន អញ្ជើញជាគណៈអធិបតីក្នុងពិធី សម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ អាគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឃ្លោក នួយ អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ប្រធានអង្គភាពមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុជនកាកបាទក្រហម អាជីវករ ប្រមាណជាង១០០នាក់ផងដែរ ។
លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និងប្រតិភូអមដំណើរទាំងអស់ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញមកចូលរួមសម្ភោធដាក់អោយប្រើប្រាស់ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ប៉ៃលិនមានភាពអធឹកអធមក្រៃលែង។ លោកបានបន្តថា៖ ផ្អែកលើកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ផ្តើមចេញពីសុខសន្តិភាពនេះបានផ្តល់ឱកាសឲ្យប្រជាជនប្រកបមុខរបរក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារនិងសំបូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ ។ ឆ្លើយតបនិងបរិបទនេះ អាជ្ញាធរខេត្តបានរួមសហការជាមួយអង្គភាពមន្ទីរជំនាញនិងពីគ្រប់អ្នកពាក់ព័ន្ធកំពុងយកចិត្តទុកដាក់និងអនុវត្តយ៉ាងសកម្មប្រកបដោយមនសិកានិងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះលោក ឃ្លោក នួយ អភិបាលរងក៏បានកោតសសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តី ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនបានយ៉ាងល្អប្រសើក្នុងការចុះត្រួតពិនិត្យរង្វាស់រង្វាល់ប្រេងសាំងនៅតាមស្ថានីយ៍ទូទាំងខេត្ត ដើម្បី អោយមានភាពសុក្រិតគ្រប់លីត្រត្រឹមត្រូវមិនកេងប្រវ័ញ ជាពិសេសបានចុះត្រួតពិនិត្យនៅតាមបណ្តាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្នុងការវាស់រកជាតិអាស៊ីត ល្អក់កក ដើម្បីធានាដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តមានផាសុខភាពល្អ។
ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ បានថ្លែងថា៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបើកប្រទេសឡើងវិញ នាខែវិច្ឆិកាកន្លងទៅ និងការបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ទើបអោយមានការជួបជុំប្រារព្ធពិធីនានាបាន ជាក់ស្តែងនៅថ្ងៃនេះបានសម្ភោធដាក់អោយប្រើប្រាស់អាគាររដ្ឋបាលរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ ប៉ៃលិន ។ ហើយអគាររដ្ឋបាលថ្មីនេះ ជាចំណងដៃមួយមិនអាចកាត់ថ្លៃបាន និងជាចលករជម្រុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន ខិតខំបំពេញតួនាទី ជាអ្នកផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរជាងមុន។
ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ពេលបានអគារ ល្អហើយ ត្រូវខិតខំធ្វើការ សន្សំសំចៃ ទឹក ភ្លើង និងចូលរួមថែរក្សា អគារឱ្យបានស្អាត ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង និងត្រូវសហការចូលរួមដឹកនាំគ្រប់គ្រង វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត ឱ្យបានល្អប្រសើរ។ ឯកឧត្ដមក៏បានថ្លែងអរគុណដល់សម្ដេចតេជោ ហ៊ុន សែន មានគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន បានខិតខំប្រឹងប្រែងដឹកនាំបញ្ជាផ្ទាល់ ទាំងថ្ងៃ ទាំងយប់ ក្នុងការស្វាត់ស្វែងរកវ៉ាក់សាំង ដើម្បីមកចាក់ការពារអាយុជីវិត របស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស កុំឱ្យឆ្លងជំងឺកូវីដ១៩ ឈានទៅបើកដំណើរការប្រទេសឡើងវិញ។ តែទោះបីជាយើងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាហើយនោះ យើងមិនត្រូវភ្លេចខ្លួន និងត្រូវបន្តអនុវត្តន៍វិធានការ «៣កុំ ៣ការពារ» ឱ្យបានត្រឹមត្រូវ ដោយរៀនរស់តាមគន្លងថ្មី នៃបរិបទកូវីដ១៩ ព្រមទាំងផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋ ទៅទទួលយកវ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា៖ អាគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តប៉ៃលិនដែលសម្ភោធដាក់អោយប្រើប្រាស់នៅពេលនេះត្រូវបានសាងសង់ឡើងចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ និងរួចរាល់ជាស្ថាពរនៅខែមេសា ឆ្នាំ២០២១ ក្រោមចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយអគារនេះសាងសថងលើផ្ទៃដី១៦៨ម៉ែត្រការ៉េ ដែលអគារមួយខ្នងនេះមានបណ្តោយ ១៨ម៉ែត្រ ទទឹង១៣,៧ម៉ែត្រ មានកម្ពស់១១,៣ម៉ែត្រ មាន២ជាន់ មានបន្ទប់ការិយាល័យ១០បន្ទប់ សាលប្រជុំ០១បន្ទប់ បន្ទប់ទឹក ០៤បន្ទប់ ទំហំសរុបស្មើរនឹង២៤៦,៦ម៉ែត្រការ៉ែ៕