សម្រាប់ភ្ញៀវទេសចរ ដែលធ្លាប់ទៅលេងខេត្តក្រចេះ ប្រហែលជាធ្លាប់បានដឹងហើយពីតំបន់ទេសចរណ៍មួយចំនួន នៅក្នុងខេត្តនេះ ដូចជា រមណីយដ្ឋានអន្លង់ផ្សោត និងរមណីយដ្ឋានកាំពីជាដើម ។ ថ្ងៃនេះ«ប្រជាប្រិយ» សូមណែនាំពីតំបន់ទេសចរថ្មីមួយទៀតគឺ កោះព្រហ្មចារីយ៍ ។
កោះព្រហ្មចារី មានទីតាំងនៅចំណ្តាលដងទន្លេមេគង្គ ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ម្យ៉ាងវិញទៀត កោះព្រហ្មចារីយ៍នេះ ស្ថិតនៅត្រើយម្ខាង ទល់មុខឈាងខាងជើង នៃតំបន់រម្មណីយដ្ឋានអន្លង់ផ្សោត និងតំបន់ទឹកជួរទន្លេរមេគងកាំពី ។ កោះនេះ មានអំណោយផលល្អយ៉ាងខ្លាំងលើសក្តានុពលអេកូទេសចរណ៍ ក្នុងដងទន្លេមេគង្គ ។
នៅទីនោះភ្ញៀវទេសចរ អាចងូតទឹកលេងកម្សាន្ត ហែលប្រដេញគ្នា ជាមួយនឹងទឹកក្រជាក់ស្រេង ដល់បេះដូង ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចគយគន់ទេសភាព ដ៏ស្រស់បំព្រងនៃព្រៃលិចទឹក ដែលដុះជាជួរៗ តាមបែបធម្មជាតិ នៅតាមជ្រលងទឹកហូរលើខ្សាច់រឹមៗ ខៀវស្រងាត់ល្អប្លែកភ្នែក ដែលជាជម្រកមច្ឆា និងសត្វស្លាបគ្រាប់ប្រភេទ ។ បន្ថែមពីនេះ កោះព្រហ្មចារីយ៍ មានល្បាយខ្សាច់សក្បុស គួជាទីគយគន់ ដែលអាចឆក់យកបេះដូង និងអារម្មណ៍ភ្ញៀវទេសចរឱ្យដិតជាប់នៅទីនោះបាន ។
ដើម្បីទៅដល់កោះនោះបានភ្ញៀវទេសត្រូវជិះទូក ឬការណូត ហើយយើងអាចទៅលេងកម្សាន្តកោះនោះបានតែរយៈពេល ៥ ទៅ ៥ខែប៉ុណ្ណោះ គឺចាប់ពីខែមករា ដល់ខែឧសភា គឺក្នុងរដូវទឹកស្រក ៕