វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់ការមានកូនឡើយ តែផ្ទុយទៅវិញ មនុស្សប្រុសដែលធ្លាប់ឆ្លងជំងឺនេះ អាចកាត់បន្ថយលទ្ធភាពមានកូនខ្លីក្រោមការសិក្សាបញ្ចូលគ្នារវាងក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យសុខភាពសាធារណៈបូស្ដុនអាមេរិក និងវិទ្យាស្ថានពាក់ព័ន្ធមួយចំនួនទៀតនៅអាមេរិក។
តាមការសិក្សាដដែលនេះបានឲ្យដឹងថា លទ្ធភាពមានកូនរបស់បុរសដែលវិជ្ជមានកូវីដ-១៩នៅអំឡុងពេល៦០ថ្ងៃ មានការធ្លាក់ចុះ បើធៀបនឹងបុរសដែលមិនមានជំងឺកូវីដ ឬអ្នកដែលវិជ្ជមានកូវីដលើសពី៦០ថ្ងៃ។ ទិន្នន័យនេះគាំទ្រដល់ការស្រាវជ្រាវមុនៗ ដែលថា បុរសវិជ្ជមានកូវីដ-១៩មានគុណភាពមេជីវិត និងប្រព័ន្ធបន្តពូជ ចុះខ្សោយ។
ពាក់ព័ន្ធទៅនឹងការសង្ស័យនឹងចចាមអារ៉ាមផ្សេងទៀតដែលថា ការចាក់វ៉ាក់សាំង ក៏ប៉ះពាល់ដល់លទ្ធភាពមានកូន ក្រុមស្រាវជ្រាវខាងលើបានពន្យល់ថា អ្នកស្ថិតក្នុងវ័យបន្តពូជ មានការភ័ន្តច្រឡំថា វ៉ាក់សាំងកូវីដអាចបង្អាក់សមត្ថភាពក្នុងការមានកូន ហេតុនេះហើយទើបអ្នកខ្លះនៅមិនទាន់បានចាក់វ៉ាក់សាំង។ នេះបើយោងតាមការស្រាវជ្រាវដោយក្រុមអ្នកស៊ើបអង្កេតសុខភាពសាធារណៈនៃសាកលវិទ្យាល័យបូស្តុន។ ជាក់ស្ដែង ការសិក្សាទៅលើអ្នកដែលព្យាយាមយកកូនក្រោយចាក់វ៉ាក់សាំងកូវីដហើយ បានបង្ហាញថា វ៉ាក់សាំងកូវីដ មិនបង្អាក់ដល់ការបង្កកំណើតដូច អ្នកដែលវិជ្ជមានកូវីដ១៩ ក្នុងរយៈពេលខ្លីទេ។
អ្នកស្រាវជ្រាវបានគណនាប្រូបាបវដ្ដរដូវនៃការមានគភ៌ ដោយប្រើកាលបរិច្ឆេទនៃវដ្ដរដូវចុងក្រោយរបស់ស្ត្រី រយៈពេលនៃវដ្ដរដូវធម្មតា និងស្ថានភាពមានផ្ទៃពោះ។ អត្រានៃការមានកូនក្នុងចំណោមស្ត្រីដែលបានចាក់វ៉ាក់សាំងចំនួន ១ដូស ស្ទើរតែដូចគ្នាទៅនឹងអ្នកដែលមិនមានចាក់វ៉ាក់សាំងទាល់តែសោះ ហើយលទ្ធផលនេះមានភាពដូចគ្នាចំពោះបុរសដែលបានចាក់វ៉ាក់សាំង១ដូសផងដែរ។ ជាមួយគ្នានេះដែរ ការវិភាគបន្ថែមទៅលើចំនួនដូសវ៉ាក់សាំង ប្រភេទវ៉ាក់សាំង ប្រវត្តិនៃភាពគ្មានកូន ការងារ និងកន្លែងរស់នៅ ក៏បង្ហាញថាពុំមានផលប៉ះពាល់នៃវ៉ាក់សាំងលើការមានកូននោះដែរ៕