កាលពីយប់ថ្ងៃអង្គារទី ០៨ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេស ដោយប្រកាសរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនប្រភេទ អូមីក្រុង លើស២០០ករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។
តាមរយៈសារពិសេសនោះ សម្តេច បានអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ដោយអនុវត្ត៣កុំ ៣ការពារ ក្នុងការជួបជុំ ឬការប្រមូលផ្តុំនានា។
ដោយឡែក ក្រុមអ្នកវិទ្យាសាស្រ្តនៅចក្រភពអង់គ្លេសបានអះអាងថា អ្នកនៅតែអាចឆ្លងមេរោគបំប្លែងខ្លួន អូមីក្រុង ទោះអ្នកធ្លាប់ឈឺ ដែលតា ក៏ដោយ ហើយមានរោគសញ្ញាអូមីក្រុង ប្លែកៗជាច្រើន ដែលមនុស្សមិនចាប់អារម្មណ៍សោះ។
ទិន្នន័យមួយចំនួនបង្ហាញថា វីរុសអូមីក្រុង មិនមែនចេញតែរោគសញ្ញាធំៗចំនួន៣ ដូចប្រភេទ មុនៗនោះទេ។ មនុស្សក៏គួរតែដឹងពីសញ្ញាផ្សេងទៀតដែលទាក់ទងនឹង អូមីក្រុង ផងដែរ។
ក្រុមអ្នកជំនាញនៅស្ថាប័នសុខភាពអង់គ្លេសហៅកាត់ NHS បានព្រមានថា បញ្ហាសន្លាក់ និងសាច់ដុំ បញ្ហាស្មា ក ខ្នង និងជង្គង់ ក៏ជាសញ្ញាបញ្ជាក់ថា អ្នកឆ្លងអូមីក្រុងដែរ។
NHS និយាយថា “មនុស្សបានប្រាប់យើងពីបញ្ហាទូទៅបំផុត បន្ទាប់ពីឆ្លងកូវីដ ហើយបញ្ហាទាំងនោះគឺឈឺស្មា និងខ្នង ប៉ុន្តែបញ្ហាសន្លាក់ និងសាច់ដុំអាចកើតឡើងនៅផ្នែកណាមួយនៃរាងកាយ។ មនុស្សមួយចំនួនមានការឈឺចុកចាប់ខ្លាំងជាមួយរោគសញ្ញាទាំងនេះ”។
ជាងនេះទៅទៀត ទិន្នន័យពីកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE របស់ចក្រភពអង់គ្លេសបានបង្ហាញថា ការឈឺសាច់ដុំដែលទាក់ទងនឹង កូវីដ អាចមានចាប់ពីកម្រិតស្រាលដល់កម្រិតមធ្យម ជាពិសេសនៅពេលដែលវាកើតឡើងលើមនុស្សឧស្សាហ៍អស់កម្លាំង។ សម្រាប់មនុស្សមួយចំនួន ការឈឺចាប់សាច់ដុំនេះ អាចរារាំងពួកគេមិនឲ្យធ្វើកិច្ចការប្រចាំថ្ងៃបាន។
ក្រុមអ្នកវិទ្យាសាស្រ្តបានណែនាំថា ការឈឺចាប់សាច់ដុំមិនធម្មតា អាចជារោគសញ្ញាដំបូងនៃជំងឺ កូវីដ១៩៕