(ប៉េកាំង)៖ «ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងជាការប្រកួតកីឡាប្រកបដោយសុវត្ថិភាពមួយលើក»។ នេះជាការវាយតម្លៃរបស់
លោក Brian McCloskey អ្នកជំនាញជាន់ខ្ពស់របស់ក្រុមការងារវេជ្ជសាស្ត្រនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ លោកយល់ឃើញថាប្រព័ន្ធបង្ការ ជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានដំណើរការយ៉ាងរលូនដូច្នេះ លោកបានថ្លែងថា «យើងអាចទុកចិត្តបានទាំងស្រុង»។
ទំនុកចិត្តរបស់លោក Brian McCloskey គឺមកពីការចូលរួម និងសង្កេតមើលយ៉ាងស៊ីជម្រៅរបស់លោកចំពោះការងារបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង។ អនុលោមតាមសំណូមពររបស់គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ គណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ និងសៀវភៅ ស្តីពីការបង្ការជំងឺកូវីដ១៩ ដែលប្រកាសដោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ប្រទេសចិនបានចាត់វិធានការបង្ការ និងគ្រប់គ្រងគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពរបស់ភាគីនានា ដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយពេញទំហឹង។
ប៉ុន្តែ ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនតូចបានមួលបង្កាច់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីចិនថា «ម៉ឺងម៉ាត់ខ្លាំងពេក» និង «ទម្លាយព័ត៌មានរបស់បុគ្គល» ជាដើម ដើម្បីលាបព័ណ៌លើវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ភាគីចិន ក៏ដូចជាបំផ្លិចបំផ្លាញបរិយាកាសនៃ ការប្រកួតកីឡាអូឡាំពិករដូវរងាផងដែរ។
តើការពិតគឺអ្វី? អត្តពលិក និងភាគីនានាពាក់ព័ន្ធដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាមានការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ខ្លួន។
ឧទាហរណ៍ដូចជា
អ្នកនាង Maame Biney កីឡាការិនីជិះស្គីល្បឿនលឿនចម្ងាយខ្លីរបស់សហរដ្ឋអាមេរិកបានថ្លែងថា «នាងខ្ញុំយល់ឃើញថា ការទៅកាន់ក្រុងប៉េកាំងនឹងប្រកប ដោយសុវត្ថិភាព ពីព្រោះខ្ញុំដឹងថាមានអត្តពលិក និងបុគ្គលិកការងារជាច្រើនការពារសុវត្ថិភាពរបស់មនុស្សទាំងអស់គ្នានៅទីនោះ»។
នៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Juan Antonio Samaranch Jr ប្រធានគណៈកម្មាធិការសម្របសម្រួលការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងនៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានវាយតម្លៃថា វិធានការបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ហើយក្នុងបរិវេណបិទរបស់ការប្រកួត ប្រហែលជា «កន្លែងដែលមានសុវត្ថិភាពបំផុតលើពិភពលោក»។
គួរបញ្ជាក់ផងដែរថា កត្តាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានផ្តល់ជំនួយដ៏សំខាន់ដល់ប្រទេសចិន ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិកប្រកបដោយសុវត្ថិភាព។ ដូចជា ក្នុង «ភោជនីយដ្ឋានវៃឆ្លាត» មួយនៃមជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មានសំខាន់ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មនុស្សយន្តធ្វើម្ហូបនៅ ពីក្រោយអេក្រង់កញ្ចក់ រួចបញ្ជូនម្ហូបទៅដល់មុខអ្នកហៅម្ហូបតាមរយៈប្រព័ន្ធបញ្ជូនម្ហូបពីជាន់លើនៃភោជនីយដ្ឋាន ដើម្បីកាត់បន្ថយការទាក់ទងរវាង មនុស្ស និងមនុស្ស។
វិធានការបង្ការជំងឺកូវីដ១៩ដ៏តឹងរ៉ឹងបូករួមទាំងការរួមបញ្ចូលនូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ធ្វើឱ្យបុរីកីឡាអូឡាំពិករដូវរងាមានសន្តិសុខដោយគ្រប់ជ្រុងជ្រោយ។
ការពិតបានបញ្ជាក់ថា ការចោទប្រកាន់និងមួលបង្កាច់ដោយចេតនាអាក្រក់ទាំងអស់សុទ្ធតែមិនបានការនោះទេ។ បច្ចុប្បន្ននេះ មានអ្នកនយោបាយសំខាន់ៗលើ ផ្ទៃអន្តរជាតិជាង៣០រូប បានបញ្ជាក់ថានឹងមានវត្តមានក្នុងពិធីបើកនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងសកម្មភាពពាក់ព័ន្ធ។ ប្រការនេះជា ការទទួលសម្គាល់យ៉ាងសកម្មចំពោះសមិទ្ធផលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ចិនផង ហើយក៏បានបង្ហាញពីទំនុកចិត្តយ៉ាងពេញលេញ ចំពោះការរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងប្រកបដោយសន្តិសុខផងដែរ។
ក្នុងមួយរយៈពេលខាងមុខទៀត ក្រុងប៉េកាំងមិនត្រឹមតែនឹងបង្ហាញនូវការប្រកួតកីឡាអូឡាំពិករដូវរងាប្រកបដោយភាពសាមញ្ញ សុវត្ថិភាព និងភាពអស្ចារ្យជូន ចំពោះទូទាំងពិភពលោកប៉ុណ្ណោះទេ ជាងទៅទៀត ប្រទេសចិនក៏នឹងបង្ហាញពីតម្រិះបញ្ញា និងកម្លាំងកាយចិត្តរបស់ខ្លួនក្នុងការយកឈ្នះលើជំងឺកូវីដ១៩ ដើម្បី បំពេញបន្ថែមនូវទំនុកចិត្ត និងក្តីសង្ឃឹមកាន់តែច្រើនឡើងៗដល់ពិភពលោកក្នុងបរិបទជំងឺកូវីដ១៩៕