ខេត្តសៀមរាប ៖ តោះ! ទៅគយគន់មើលទេសភាពដ៏ស្រស់ត្រកាលនៃបុប្ផាទើបលាស់ថ្មីៗនាពេលព្រលឹមនៅ «បរិមណ្ឌលបន្ទាយស្រី» តើស្រស់ស្អាតយ៉ាងណាទៅ?។
បើតាមប្រសាសន៍របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះថា ដោយមានការសហការ និងជួយឧបត្ថម្ភ ពីក្រុមហ៊ុនក្នុងស្រុកមួយ បានគាំទ្រទាំងស្រុងដល់ការចំណាយលើការដាំផ្កាក្នុងជុំនេះ ដើម្បីបានជាប្រយោជន៍ដល់បងប្អូនសាធារណជន និងអ្នកទេសចរមកថតរូបលេងកម្សាន្ត និងបានជួយជំរុញដល់ការរស់ឡើងវិញនៃវិស័យទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រីផងដែរ។
លោកបានបន្ថែមថា ផ្កាដែលដាំនៅ «បរិមណ្ឌលបន្ទាយស្រី» នេះ ឥឡូវដល់រដូវផ្ការីកទៀតហើយ ពណ៌លឿងម្តងលើកនេះ ទាន់បុណ្យចូលឆ្នាំចិនល្មម! ។
តោះ តោះ!!! មកមើលរូបភាពផ្ការីកដែលមានពណ៌ដ៏ស្រស់បំព្រង ដែលរីកស្គុះស្គាយពេញសួន អង្រួនចិត្តអ្នកចូលចិត្តថតរូបឱ្យរំជើបរំជួលអារម្មណ៍ក្នុងថ្ងៃចុងសប្តាហ៍នេះហើយ ហើយថែមទាំងរីកចំថ្ងៃចូលឆ្នាំចិនទៀតផង ដែលអាចមកមើលទិដ្ឋភាពដ៏ស្រស់ស្រាយនាពេលព្រឹកព្រលឹមទៀត ហើយកាន់តែពិសេស គឺផ្កាកំពុងតែរីកស្អាត នៅសួនបរិមណ្ឌលបន្ទាយស្រីនឹងតែម្តង។