ភ្នែកគឺជាសរីរាង្គងាយប៉ះពាល់យ៉ាងខ្លាំង ហើយវាក៏សំខាន់ខ្លាំងណាស់ដែរសម្រាប់មនុស្សយើង។ នាពេលបច្ចុប្បន្ននេះ ពិភពលោកបានរីកចម្រើនយ៉ាងខ្លាំង ដែលមនុស្សម្នាក់ៗអាចត្រូវចំណាយពេលជាង៨ម៉ោងនៅលើអេក្រង់ទូរស័ព្ទ ឬ កុំព្យូទ័ររបស់ពួកគេអស់រយៈពេលជាងប្រាំបីម៉ោង សម្រាប់អាជីវកម្មឬកម្សាន្ត។ សកម្មភាពបែបនេះ មានផលប៉ះពាល់យ៉ាងខ្លាំងមកលើភ្នែករបស់យើង។ DES (Digital Eye Strain) ឬ បញ្ហារោយភ្នែកដោយសារតែអេក្រង់ កើតឡើងនៅគ្រប់អ្នកប្រើប្រាស់ឧបករណ៍ មិនថាទូរស័ព្ទ កុំព្យូទ័រ ឬ ថេប្លេតទេ។ បន្ទាប់ពីប្រើជាច្រើនម៉ោង ភ្នែករបស់អ្នកចាប់ផ្តើមក្រហាយ និង រោយជាក់ជាមិនខាន។ តើធ្វើបែបណាទើបអាចការពារសុខភាពភ្នែករបស់អ្នកបាន ពីការមើលអេក្រង់រយៈពេលយូរ?
១. កំណត់ម៉ោងសម្រាកមុនពេលបន្ត
វាអាចជារៀងរាល់៣០នាទី ឬ ១ម៉ោងម្តង ស៊ីសងទៅលើចំណង់ចំណូលចិត្តរបស់អ្នក។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការសម្រាកត្រូវតែមាន។ ពេលសម្រាកនោះ អ្នកនៅឆ្ងាយពីអេក្រង់កុំព្យូទ័រ។ ដើរទៅបន្ទប់ទឹក ឬ បិទភ្នែកមួយស្របក់ គឺជាអ្វីដែលអាចជួយឱ្យភ្នែកអ្នកសម្រាកបាន។
២. ពាក់វ៉ែនតាប្រឆាំងនឹងពន្លឺអេក្រង់
ប្រសិនបើអ្នកមិនមានម្ញូបទេ វាកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការទិញវ៉ែនតាប្រភេទនេះមកប្រើប្រាស់។ វាមានលក់មិនថានៅលើអនឡាញ ឬ នៅលើទីផ្សារនោះទេ។ វ៉ែនតាទាំងនេះជួយទប់ស្កាត់ពន្លឺពណ៌ខៀវ និង ពន្លឺអ៊ុលត្រាវីយូឡេ ដែលបញ្ចេញពីអេក្រង់មកភ្នែករបស់អ្នក។ ប្រសិនបើអ្នកពាក់វ៉ែនតាម្ញូប ចូរពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញមុនពេលយកមកប្រើ។
៣. ទៅពិនិត្យភ្នែក
ប្រសិនបើរោគសញ្ញារោយភ្នែកនៅតែមាន សូមទៅជួបគ្រូពេទ្យភ្នែក។ ការណាត់ជួបជាទៀងទាត់ជាមួយវេជ្ជបណ្ឌិតរបស់អ្នក នឹងជួយរក្សាភ្នែករបស់អ្នកក្នុងការត្រួតពិនិត្យបានល្អ។ ចូរចាំថា ការពារគឺប្រសើរជាព្យាបាល៕